ភ្នំពេញ៖ រាត្រីថ្ងៃទី០៧ ខែតុលាឆ្នាំ២០១៧នេះ កុមារា ពេជ្រ ថៃ បានធ្វើឲ្យ​ទស្សនិ​ក​ជន​ហ៊ោក​ញ្ជៀវ​ពេញ​ឆាក​ប្រឡង​ចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយ បទចម្រៀង “ម៉ាក់ស៊ីនារីថ្មី” ដែល​មាន​ភាព​រស់​រវើក សមនឹងទេពកោសល្យពីធម្មជាតិ និងបាន ហាត់រៀន ជា មួយគ្រូបង្វឹកផ្ទាល់ រួម​ជា​មួយ​​ភាពក្លាហានរបស់កុមារានេះផង ហាក់ដូចជា “តារាម្នាក់កំពុងសម្តែងអញ្ចឹង” ។

កុមារា ពេជ្រ ថៃ ត្រូវបានជាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ ដោយ​ទទួល​បាន​សារ​ពី​ទស្ស​និក​ជន​ច្រើន​ជាងគេ ខណៈ ពេលដែល ឡុង លីងគង្គ ត្រូវបានគ្រូបង្វឹកលោក ព្រាប សុវត្តិ ជ្រើស​រើស​យក​ទៅ​បន្តវគ្គផ្តាច់ព្រ័ត្រដែរ។

កន្លងមក ពេជ្រ ថៃ បានធ្វើទស្សនិកជនរំភើបញាប់​ញ័រ ហ៊ោក​ញ្ជៀវ​សប្បាយ​រីក​រាយ​នូវ​ការ​បញ្ចេញ​សមត្ថភាពរបស់ខ្លួនរួចមកហើយ។ បទទី១ ដែល​បាន​ធ្វើ​ឲ្យ​មហា​ជន​គាំទ្រ​ជា​ច្រើន​នោះ​គឺបទ «បា​ត់​ដំបងបណ្តូលចិត្ត» ។

សូមបញ្ជាក់ថា កុមារា ពេជ្រ ថៃ ជាកូនក្រុមរបស់លោក ព្រាប សុវត្តិ ក្នុង​ចំណោម​កូន​ក្រុម​ទាំង​ ៤នាក់ គឺ ពេជ្រ ថៃ, ឡុង លីងគង្គ, ឈឹម ជូលីណា និង កុយ វីសា ដែល​ធ្វើការ​ប្រឡង​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ៕