ភ្នំពេញ៖ រំលងមិនទាន់១ថ្ងៃផង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia ទទួលរងនូវការរិះគន់ពីតារា២ឌួង គឺ កញ្ញា ដេននី ក្វាន់ និង លោក ម៉ៃ សុគន្ធ ។ កញ្ញា ដេននី ក្វាន បានបង្ហាញការខកចិត្តជាខ្លាំង លើបណ្តាញសង្គមជុំវិញការចាកចេញពីកម្មវិធី (ធ្លាក់) របស់កុមារី អ៊ុក សុវណ្ណារី ដោយនាងសរសេរថា “វាមិនសមទាល់តែសោះដែលសុវណ្ណារីត្រូវចាកចេញពីការប្រកួតនេះទោះខ្ញុំមិនមែនជាអ្នកចំរៀងតែក៏អាចស្តាប់ដឹងថាគាត់ច្រៀងពិរោះឬមិនពិរោះមានសម្ថភាពឬមិនមាន សុវណ្ណារីច្រៀងបានគ្រប់ទំរង់ សមយ័បុរាណនឹងបទអង់គ្លេស” ។

ទន្ទឹមនេះ លោក ម៉ៃ សុគន្ធ វិញ បានរិះគន់ម្តងជាពីរដង លោកបានសរសេរថា “មួយសប្តាហ៍ទៅមួយសប្តាហ៍ ពេជ្រ ថៃ សមត្ថភាពសំលេងរបស់ប្អូនមិនមានភាពប្រែប្រួលរីកចំរើនសោះ មិនដូច ឡុង លីគ័ង្គ ទេ រីកចំរើនណាស់ ហើយបទ នារីម៉ាកស៊ីដែលពេជ្រ ថៃ ច្រៀងមិនស៊ីសង្វាក់សោះ ភ្លេងទៅដោយភ្លេង សំលេងទៅដោយសំលេងស្ទើរតុងទៀត ទៅលើក៏មិនដល់ទៅក្រោមក៍មិនដល់ ស្រែកមិនស្មើរតុងតែម្តង” ។

សារដដែលនោះតារាទាំង២ឌួង ក៏សង្ឃឹមដូចគ្នាថា វគ្គផ្តាច់ព្រ័ត្រនឹងមានការប្រសើរជាងនេះ ហើយក៏សូមឲ្យបងប្អូនអ្នកផ្ញើសារ វិនិច្ឆ័យ និងពិចារណាទៅលើសមត្ថភាពសំឡេងផង កុំគិតតែមនោសញ្ចេតនា សេចក្តីអាណិត ស្រលាញ់ ចូលចិត្ត ខ្លាំងពេក។