កីឡា ៖ គ្រូបង្វឹកក្រុមជម្រើសជាតិ កម្ពុជាលោក Leonardo Vitorino បានបង្ហើបឲ្យ ដឹងថាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា មានរបួសបន្តិបន្តួច ពេលហ្វឹកហាត់កាលពីថ្ងៃម្សិលមិញមុនជំនួបជម្រុះ AFC Asian Cup 2019 ជាមួយវៀតណាមនៅទីក្រុងហាណូយ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានថ្លែងប្រាប់សារព័ត៌មាន Zing.vn ថា ចាន់ វឌ្ឍនាកា គឺជាកីឡាករសំខាន់បំផុតរបស់យើង ប៉ុន្តែគាត់បានរងរបួសបន្តិចបន្តួចក្នុងអំឡុងពេលហ្វឹកហាត់នៅកីឡដ្ឋាន My Dinh។ លោកថា ខ្ញុំកំពុងពិចារណាលើសមាសភាពជំនួស តារាឆ្នើមខាងលើក្នុងក្រុម១១នាក់ដំបូង សម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃអង្គារ ទី១០ តុលា នេះ។

 

បច្ចុប្បន្ន ចាន់ វឌ្ឍនាកា លេងនៅក្លឹប Fujieda MYFC ក្នុងក្រចខ័ណ្ឌ J3 League របស់ជប៉ុន។យ៉ាងណាក៏ដោយខ្សែបម្រើរូបនេះ មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតលីកនៅឡើយទេ ហើយអ្នកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជាកំពុងស្នើសុំឱ្យគាត់ត្រលប់មកលេងនៅស្រុកកំណើតវិញ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថា ជាកីឡាករ បាល់ទាត់មួយដ៏ល្អបំផុតរបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាន់ វឌ្ឍនាកា ចូលរួមជាមួយបឹងកេតអង្គរកាលពីឆ្នាំ ២០១២ ដោយរកបាន ១១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៩០ ប្រកួត។ គួររំឭកថា ចាន់ វឌ្ឍនាកា ជាអ្នកទាត់បញ្ចូលទីវៀតណាម ពេលចាញ់១ទល់នឹង២ ក្នុងវគ្គជម្រុះ ជើងទី១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ កូនប្រុសអភិបាលខេត្តកំពតរូបនេះក៏បានទាត់ចូលឥណ្ឌូនេស៊ី ក្នុងការប្រកួតមិត្តភាព សប្ដាហ៍មុនផងដែរ៕