ភ្នំពេញ៖ នៅប៉ុន្មាននាទីមុននេះនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន សុខាអូតែល បានស្ម័គ្រចិត្ត ឈប់ លក់ សំបុត្ រយកថ្លៃ ចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និង រមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយ សម្រួល ដល់ បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍​ទាំងអស់បានឡើង​ទៅទស្សនាកម្សាន្ដ​នៅលើតំបន់រមណីយ​ដ្ឋាន​ប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពី​ប្រភេទ​សត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួល​ក្នុង​ការ​ធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និង​សាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅ​ទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យស​កម្មភាព​ទេសចរណ៍​នៅ​តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់​ប្រជាស​ហគ​មន៍​ក្នុងមូលដ្ឋាន»

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា កាលពីមុនតម្លៃសំបុត្រ​ចូល​ទស្សនា​នៅ​រមនីយដ្ឋានឋានសួគ៌បូកគោ សម្រាប់ឡានតូច កំណត់តម្លៃ១ម៉ឺនរៀល ហើយសម្រាប់អ្នកជិះម៉ូតូ តម្លៃ​២​ពាន់រៀល ឯអ្នកដំណើរថ្មើជើងមិនត្រូវគិតថ្លៃទេ៕