ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកជាបន្តបន្ទាប់ថា “ចាប់​ពី​​ម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៧ តទៅការចូលទៅទស្សនាកំសាន្តឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” និងរមនីយដ្ឋានបូកគោ និង យានយន្តធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅ (ស្ពាន លី យ៉ុងផាត់) នឹងមិនត្រូវបង់ប្រាក់ទៀតទេ” ។

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ស្ពានព្រែកព្នៅឆ្លងកាត់ទន្លេសាបតភ្ជាប់ ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់​ព្រែក​ព្នៅ​ទៅ​ផ្លូវជាតិលេខ៦អា ត្រូវបានរដ្ឋាភិបាលនឹងទិញស្ពាននោះយកមកគ្រប់គ្រងវិញ ហើយឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” និងរមនីយដ្ឋានបូកគោ ត្រូវបានក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយក​ថ្លៃចូល​ទៅ​ទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដមួយនេះ ជាពិសេសបានទស្សនាទេសភាព​ដ៏ស្រស់​ត្រកាល និងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាន​នៅ​ក្នុង​តំបន់​ឧទ្យា​ន​ជាតិ។

ជាងនេះទៅទៀត សម្តេចនាយករដ្ឋមន្រ្តី សង្ឃឹមថា ដំណោះស្រាយ ទាំងពីរករណីខាងលើនេះ នឹង​ជាប្រ​យោ​ជន៍​ដល់ប្រជាពលរដ្ឋសំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ ។ កន្លង​មក​ត្រូវ​បាន​គេស្គាល់ថា ស្ពានព្រែកព្នៅនេះ ត្រូវបានគេស្គាល់ថារបស់លោក ឧកញ៉ា លី យ៉ុងផាត់ វិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប(LYP Group) ក្នុងទឹកប្រាក់ជាង ៤៣លានដុល្លារ ។

 

ដោយឡែកក្រុមហ៊ុន សុខា អូតែល របស់លោក ឧកញ៉ា សុខ គង់ បានទទួលសិទ្​ធិក្នុង​ការ​វិនិយោគ​រមណី​​យ​ដ្ឋាន​ភ្នំបូកគោដែលមានទីតាំងស្ថិតក្នុង ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃខេត្តកំពត​ពីរាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ក្នុងឆ្នាំ ២០០៨ ហើយបានដាក់ឲ្យដំណើរការ “រមណីយដ្ឋានឋានសួគ៌បូកគោ” ក្នុងឆ្នាំ ២០១២ ។