ភ្នំពេញ៖ រដ្ឋាភិបាល នឹងផ្ដល់ថវិកាទ្រទ្រង់ដល់កីឡាការិនី គ្រប់វិស័យកីឡា ដែលសម្រាលកូន។ ថ្លែងនៅក្នុងពិធីសំ​ណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ផ្លូវវេងស្រេង សម្ដេច ហ៊ុន សែន បា​ននិយាយថា រដ្ឋាភិបាលបានរៀបចំកញ្ចប់ថវិកា ផ្ដល់ជូនកីឡាការិនី ដែលសម្រាលបានកូនម្នាក់ ទទួលបានថវិកា ៤០ម៉ឺនរៀល ​សម្រាលបានកូនភ្លោះ ៨០ម៉ឹនរៀល និងកូនភ្លោះបីនាក់ ១លាន២សែនរៀល នៅឆ្នាំ២០១៨ ដូចកម្មការិនីរោងចក្រដែរ។

បន្ថែមពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឲ្យក្រុមកីឡាករ-កីឡាការិនីទាំងអស់ដែ​ល​មានបញ្ហាសុខភាព ឬបញ្ហារបួសក្នុងពេលប្រកួត ទៅសម្រាកព្យាបាលនៅបណ្ដាមន្ទីពេទ្យរដ្ឋ ដោយមិនគិតថវិកាឡើយ តាមរយៈមូល​នីធិសមធម៌។ រដ្ឋាភិបាល កំពុងរៀបចំសម្រួលដល់ក្រុមកីឡាករ-កីឡាការិនី។ បើតាមសម្ដេច ហ៊ុន សែន ក៏អាច​ជិះរថយន្តក្រុង ដោយមិនគិតថ្លៃផងដែរ។ បច្ចុប្បន្នក្រុមកីឡាករ-កីឡាការិនី ៥០០០នាក់៕