ភ្នំពេញ៖ ថ្មីៗនេះ មានការផុសឡើងរូបបុរសម្នាក់លើបណ្តាញសង្គមហ្វេសប៊ុក តាំងខ្លួនឯងជា “ព្រះវររាជបិតា ព្រះចក្រវាឡ ជាព្រះដ៏មានបុណ្យ” ធ្វើឲ្យអ្នកលេងហ្វេសប៊ុក មានការរិះគន់យ៉ាងខ្លាំង រហូតសូមឲ្យក្រសួងស្ថាប័នដែលពាក់ព័ន្ធ ធ្វើការពិនិត្យ ចំពោះករណីនេះ ។ ម្ចាស់គណនីឈ្មោះ “Phisith Lsp” បានសរសេរថា “ពេលនេះមានព្រះវររាជបិតា ព្រះចក្រវាឡ ព្រះដ៏មានបុណ្យ បានយាងមកលើផែនដីនេះ” ។
ក្នុងសារនោះសរសេរអះអាងថា “ព្រះចក្រវាឡនេះ ចេះបើកយន្តហោះ ចេះបាញ់យន្តហោះ និងជាអ្នកសាងអង្គរវត្ត និងចេះអ្វីៗគ្រប់បែបយ៉ាង ដែលវិទ្យាសាស្រ្ត មិនអាចរកឃើញ” ។
តែអ្វីដែលអ្នកលេងសង្គមហ្វេសប៊ុកចាប់អារម្មណ៍នោះ គឺ ការដាក់រូបសំណាក និងរូបថតរបស់ខ្លួន ស្នើនឹងព្រះឆាយាលក្ខណ៍របស់សម្តេចព្រះបរមរតនៈកោដិ ដែលធ្វើប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរ ។
រូបភាពនីមួយៗ សុទ្ធតែបង្ហាញឲ្យឃើញថា ខ្លួនជាមនុស្សខ្លាំង ជាមនុស្សអច្ឆរិយៈ ឲ្យចង់គេគោរព និងចង់ឲ្យគេធ្វើតាមខ្លួន ។ ហាក់ដូចជាមិនសាកសមឡើយ ក្នុងការរៀបចំដង្ហែពាសវាលពាសកាល និងធ្វើរូបសំណាកនេះ ដូចខ្លួនឯងនឹងជាម្ចាស់ផែនដី ៕