ភ្នំពេញ៖ ក្រោយរៀបការជាមួយកូនស្រីថៅកែម៉ាស៊ីនកិនស្រូវខេត្តកំពង់ចាម ប្រុសស្អាតសម្បុរស្រអែម ឆាយ វីរៈយុទ្ធ តែងបង្ហាញសកម្មភាពការងារមនុស្សធម៌តាមទីជនបទ និងតំបន់ដាច់ស្រយាលជាច្រើន រហូតមិត្តក្នុងសិល្បៈលាន់មាត់សរសើរថា «យុទ្ធ ចិត្តបុណ្យណាស់ ឃើញពលរដ្ឋខ្វះខាតជួយហើយ ទោះច្រើនក្តីតិចក្តី ហើយលោកមិនបានទៅចូលរួម ក៏ផ្ញើតាមគេទៅដែរ តួយ៉ាងកាលពីពាក់កណ្តាលខែសីហា ក្រុមការងារមនុស្សធម៌ ដែលដឹកនាំដោយលោក ស៊ូ វុទ្ធី បានទៅចុះចែកគ្រឿងឧបភោគបរិភោគ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក៏មានចំណែកចូលរួមពីសំណាក់តារាចម្រៀងរូបនេះផងដែរ»។

តារាចម្រៀងដែលធ្វើឲ្យទស្សនិកជនស្គាល់ដំបូងក្នុងផលិតកម្មអ៊ិម តាមរយៈបទ «ខូចចិត្តទុកមុន» ឆាយ វីរៈយុទ្ធ បានប្រាប់តារាញូស៍ថា «ក្នុងនាមខ្ញុំជាតារាចម្រៀងមួយរូប សប្បាយចិត្តណាស់ ដែលបានចូមរួមការងារមនុស្សធម៌»។ យ៉ាងណាពេលក្រុមការងារតារាញូស៍ សូមបញ្ជាក់ទំហំអារម្មណ៍រំភើបត្រូវបានលោកសើច និងនិយាយថា «សប្បាយលើសប្រជាប្រិយភាពខ្ញុំទៀត មានន័យថាសប្បាយលើសពេលទស្សនិកជនហ៊ោកញ្ជ្រៀវពេលខ្ញុំច្រៀងទៅទៀត»។