ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងថា មានជំងឺចំនួន៤ប្រភេទ រួមមានដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលជាមូលហេតុនៃការស្លាប់ជាងពាក់ កណ្ដាល ក្នុងចំណោមការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថែមទៀតថា ជំងឺមិនឆ្លង ជាជំងឺរ៉ាំរ៉ៃបណ្ដាលឱ្យមានពិការភាព បាត់បង់ពលកម្ម និង កំពុងតែគំរាមកំហែងដល់ភាពក្រីក្រកាន់តែខ្លាំង និងមានការខាតបង់សេដ្ឋកិច្ចជាតិ យ៉ាងច្រើនថែមទៀត។ យ៉ាងណាមិញ ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា«ការរីករាលដាលនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជាទាំងអស់នេះ មិនអាចដោះស្រាយបាន ដោយក្រសួងសុខាភិបាលតែមួយនោះទេ ពីព្រោះមានមូលហេតុចម្បង ជាច្រើន និងកត្តាកំណត់សុខភាពនៃជំងឺមិនឆ្លងស្ថិតនៅក្រៅវិស័យសុខាភិបាល ដូចជាកត្តា ចំណីអាហារ និងបរិស្ថានដែលយើងរស់នៅ»។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមឆ្លើយតបទៅ នឹងភាពប្រឈមថ្មី ដែលកើតឡើងដោយសារជំងឺមិនឆ្លងនេះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈកាត់បន្ថយការឆ្លងជំងឺ ជាពិសេសជំងឺមិនឆ្លង។ ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺទាំងអស់នេះ យើងគួរតែចេះស្រឡាញ់ខ្លួនឯង នឹងស្រឡាញ់បរិស្ថានដែលនៅជុំវិញខ្លួនយើង ដូចដែលមានពាក្យស្លោកមួយលើកឡើងថា រស់នៅស្អាត ហូបស្អាត ផឹកស្អាត។


Comments