ភ្នំពេញ៖ តន្ត្រីករជើងចាស់ដែលមានឈ្មោះបោះសម្លេងទសវត្សរ៍ទី៦០ និង ៧០ ម៉ម ប៊ុនណារ៉ាយ បានដេកដួលលើគ្រែសម្រាក​ក្នុងគេហដ្ឋានរបស់លោកជិតសាលាពញាក្រែក ខាងជើងស្ពានជ្រោយចង្វារប្រហែល៣០០ម៉ែត្រ ដែលស្ត្រីវ័យចំណាស់ជាប្រពន្ធលោកតន្ត្រីកររូបនេះបានប្រាប់ថា «គាត់ឈើ ដើរទៅណាមិនបានឡើយ»។ លោក សេង ដារ៉ា អ្នកស្រាវជ្រាវ និងចងក្រងឯកសារអ្នកសិល្បៈជំនាន់ដើម បានឲ្យដឹងថា «ខ្ញុំទើបបានទៅមើលលោកឯផ្ទះកាលកាលពីថ្ងៃត្រង់នេះឯង ។ លោក ម៉ម ប៊ុនណារ៉ាយ គឺជាតន្រ្តីករជើងចាស់ដែលមានទឹកដីខ្ពស់មួយរូបផងដែរ។ លោកគឺជាប្អូនបង្កើតរបស់លោក ម៉ម បុប្ផានី តន្រ្តីកររៀមច្បងនៅសម័យនោះ»។

យ៉ាងណាមិញស្នាដៃដ៏ច្រើនអនេកលើផ្នែកសម្រួលតន្ត្រីរបស់លោកបានបន្សល់ទុកដល់បច្ចុប្បន្នរួមមាន៖ កម្មប្រចាំកាយ (ស៊ីន ស៊ីសាមុត), មេត្តារៀមផង (លោកគង់ សំអឿន-លោកគង់ ចន្ថា), នៅតែឃ្លាត (លោក គង់ ចន្ថា),  មេឃអើយជួយផង (សាមុត-សុទ្ធា), ឃ្លាតទាំងទឹកភ្នែក សុទ្ធា, ដំណក់ភ្លៀងស្រក់ (ប៉ែន រ៉ន)​,  រង់ចាំតែបងមួយ (សុទ្ធា), រំពឹង ! រំពឹង ! (សុទ្ធា), បងពិតជាកម្លោះ (សាមុត-សុទ្ធា), កណ្តូបបុកស្រូវ (សាមុត-សុទ្ធា), ផ្កាត្របែកព្រៃ (ឌី សុខន), ចម្រៀងមកមិត្ត (ឌី សុខន), ស្នេហ៍យើង (សុទ្ធា), គ្រាដំបូង (សាមុត), ជីវិតអ្នកផ្សងព្រេង (សាមុត), បងក្បត់អូនហើយ (ហួយ មាស), ខែរះក្រោមផ្កាយ (ម៉ម ប៊ុនណារ៉ាយ), បញ្ជីខ្មោច (អ៊ឹង ណារី) និង កំពង់ធំ ជំរុំចិត្ត សាមុត ។