ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រម ពីក្រុមគ្រួសារព្រឹទ្ធចារ្យចម្រៀងអាយ៉ៃ លោក តាថ្លុង មឿក ត្រូវបាត់បង់ភរិយា ក្នុងវ័យជរា អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករស្មគ្រចិត្ត នាំបានដឹកនាំសមាជិកទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមនេះដល់គេហដ្ឋានលោកតា ថ្លុង មឿក ដែលស្ថិតនៅបូរីសន្តិភាពនៅក្បែរផ្លូវជាតិលេខ៣ ។
ក្នុងដំណើរចូលរួមរំលែកទុក្ខគ្រួសារវីរៈសិល្បករអាយ៉ៃនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បាននាំយកថវិកា ចំនួន១លានរៀល ដែលជាមូលនិធិសិល្បករចាស់ជរាមកចូលជាបច្ច័យក្នុងក្នុងការធ្វើបុណ្យសពរបស់លោកយាយផងដែរ។ ខណៈសិល្បករសិល្បការិនីទាំងអស់បានបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកយាយបានទៅកាន់សុគតិភព និងសូមឲ្យព្រឹទ្ធាចារ្យអាយ៉ៃ ដែលកំពុងស្ថិតនឹងវ័យជរាមានសុខភាពល្អ និងបន្តចែករំលែកការងារសិល្បៈបុរាណនេះ ដល់កូនចៅជំនាក់ក្រោយបន្តទៀត៕
