ភ្នំពេញ៖ តារាចម្រៀងគ្រងតំណែងកំពូល ២ទសវត្សរ៍ ព្រាប សុវត្ថិ ទទួលការអ្នកគាំទ្រសន្ធឹកសន្ធាប់ជម្រុញឲ្យប្រជាប្រិយភាពរបស់លោកគ្មានស្រុតចុះម្តងណាឡើយ ពោលគឺតាំងពីលោកផ្តើមអាជីពចម្រៀងលេចធ្លោរជួរមុខរហូតឆ្លងល្បីដល់កូនប្រុសទាំង ៣នាក់ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរិវុឌ្ឍ ទៀតផង។ រាល់ពេលលោក ព្រាប សុវត្ថិ ចេញដំណើរទៅប្រគំតន្ត្រីម្តងៗមានអ្នកហោកញ្ជ្រៀវមិនចាញ់តារាចម្រៀងអាមេរិក ម៉ៃឃ័រ ចេកសិន ឡើយ ហើយរសៀលថ្ងៃទី០៥ ខែកញ្ញា​នេះលោកគ្រាន់តែដើរទៅញ៉ាំបាយក្នុងភោជនីយដ្ឋានឈ្មោះ «ភោជ​នី​យ​ដ្ឋាន បាយ័ន» មានមនុស្សប្រុសស្រីដែលជាភ្ញៀវញ៉ាំបាយ សម្លឹងលោកមិនដាក់ភ្នែក និងខំមកកៀកក្បែរសុំថតរូបជាមួយទៀតផង។

មិនត្រឹមតែភ្ញៀវអង្គុយតុក្បែរតារាចម្រៀងម្ចាស់បទ «ម្អមស្រែ» ព្រាប សុវត្ថិ ទេដែលមានអារម្មន៍រំជើបរំជួលនោះ សូម្បីតែនារីៗ បម្រើការងារក្នុងភោជនីយដ្ឋាន ក៏បានជ្រួលច្របល់ចោមរោមលោក និងរំពេចពាក្យថា «បងជា idol ខ្ញុំ»។ ព្រាប សុវត្ថិ ដែលមានកំណើតក្រោមដើមស្នាយនិងក្លាយជាមនុស្សគំរូក្នុងសង្គមខ្មែរ ត្រូវនារីៗក្នុងហាងបាយមួយនេះលើកឡើងទាំងទឹកមុខញញឹមថា «មិនមែនជារឿងងាយទេដែល idol យើងខ្ញុំបានផ្តល់កិត្តិយសអញ្ជើញមកពិសារអាហារនៅភោជនីយដ្ឋាន បាយ័ន យើងខ្ញុំ សុំថតជាមួយ idol យើងខ្ញុំម៉ាចាស់ដៃម៉ង។ សូមអរគុណបងប្រុស ព្រាប សុវត្ថិ នឹងក្រុមការងារដែលបានផ្តល់កិត្តិយសអញ្ជើញមកពិសារអាហារថ្ងៃត្រង់នៅទីនេះ»។