ចូរប្រយ័ត្ន៖ ចាហ៊ួយនាំចូលពីវៀតណាមមានជាតិប្លាស្ទិច រាប់សិបគីឡូក្រាម ដាក់លក់នៅផ្សារប្រសូត្រ

0
1119

ភ្នំពេញ៖ បញ្ហាចំណីអាហារមានជាតិគីមី អាហារផុតកំណត់ នៅតែជាប្រធានបទក្តៅសម្រាប់កម្ពុជាទោះជាមានការបង្រ្កាបជាច្រើនករណីបន្តបន្ទាប់ក៏ដោយ ហើយព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លេចរឿងអាជីវករផ្សារប្រសូត្រ​ខេត្តស្វាយរៀង ដាក់លក់ចាហ៊ួយនាំចូលមកពីវៀតណាមមានជាតិប្លាស្ទិចជាង ៣៧គីឡូក្រាម ហើយពេលសួរទៅកាន់អ្នកលក់ ប្រាប់ថា «ខ្ញុំអត់ដឹងដែរ នាំចូលមកពីគេ ចេះតែលក់តាមគេទៅ! បើដឹងថាមានជាតិប្លាស្ទិចនាំឲ្យខូចសុខភាពខ្ញុំក៏មិនលក់ដែរ»។

តែយ៉ាងណាចាហ៊ួយប្លាស្ទិក ១៥កាឡ ស្មើនឹង ៣៧.៥ គីឡូក្រាម ត្រូវបានលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ចុះទៅដកហូតយកទៅពិសោធន៍ និងដុតកម្ទេចចោល។ លោក ផឹង និល ប្រាប់ពីគោលបំណងនៃការចុះដកហូតចាហ៊ួយប្លាស្ទិកថា «ដើម្បីធានាបានសុវត្ថិ​ភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ»។

Comments