ភ្នំពេញ៖ ជារឿយៗ លោក សាយ រតនៈ ពិធីករ​ស្ថានីយ​ទូរទស្សន៍ CTN ដ៏ល្បី តែងតែ​បង្ហាញ​វត្ត​មាន​ទៅ​សួរ​សុខ​ទុក្ខ​ម្តាយ​ចាស់​ជរា និងក្មេង​កំព្រាទាំង ៣នាក់ របស់​អតីត​ពិធីករ​ជើងចាស់​លោក អ៊ិត សេដ្ឋា ជាក់ស្តែង នាព្រឹកថ្ងៃទី១៣ ខែតុលា នេះ លោក​ក៏បាន​បង្ហោះសារ​ជូន​ដំណឹង​ល្អជា​សាធារណជន អំពី​កម្មវិធី ពិធីឡើង​គេហដ្ឋាន​ថ្មី របស់​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា លើហ្វេស​ប៊ុក​លោក​ថា “ក្រុម​ការងារ​ CBS នឹង​រៀបចំ ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅ​ខែតុលា​នេះ”  ។ ក្នុងសារ​នោះ លោក​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​បងប្អូន​ទាំងអស់​ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សពលោក អ៊ិត សេដ្ឋា រហូត​មាន​លទ្ធភាព​ទិញ​បានផ្ទះ ១ជុង ។ ក្នុង​វីដេអូខ្លី ដែល​បង្ហោះជាមួយ​សារនោះ លោក​យាយ​ត្រូវ​ជាម្តាយ​របស់​លោក អ៊ិត សេដ្ឋា បាន​បង្ហាញ​អារម្មណ៍សប្បាយ​រីករាយ ទោះបី​លោក​យាយ​មាន​ជម្ងឺគ្រុន​ពោះវៀន និង គ្រុនឈាមក៏ដោយ ។ កន្លង​មក​កូន​ប្រុស​លោក អ៊ិត សេដ្ឋា ក៏ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ប្រកប​ដោយ​ភាព​កក់​ក្តៅផង​ដែរ។

សូម​បញ្ជាក់ថា បន្ទាប់​ពីអតីត​ពិធី​ករ​ជើង​ចាស់ លោក អ៊ិត សេដ្ឋា ទទួល​មរណៈភាព​កាលពី​ខែមិថុនា មក ក្រុម​ការងារ CBS ខ្នះខ្នែង​ជួយ​ជ្រោម​ជ្រែង​តាំងពីការ​រៀបចំ​ពិធីបុណ្យ​សព រហូត​អំពាវនាវ​​ដល់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ឲ្យជួយថវិកា​សម្រាប់​ទ្រទ្រង់​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ដែល​មាន​កូននៅតូច និង​ម្តាយ​ចាស់​ជរាផងនោះ ៕

សូមទស្សនាវីដេអូ!!