អូស្រ្តាលី៖ ជាង ២០ឆ្នាំ លោក ខៃ ប្រសិទ្ធិ និងសិល្បករខ្មែរជាច្រើននាក់ទៀត មិនដែលបានជួបគ្នាទេ ដោយសារម្នាក់ៗ មានអ្នកខ្លះចាប់អាជីពផ្សេងៗ គ្នា និង រស់នៅឆ្ងាយពីគ្នា ។ ថ្មីៗនេះ លោក ខៃ ប្រសិទ្ធិ និង អ្នកនាង ច័ន្ទ តារាទី ជាតារាសម្តែងជើងចាស់ បានណាត់ជួបគ្នា នៅរដ្ឋឃ្វីនស្លែនដ៍ ប្រទេស អូស្ត្រាលី ។ ក្នុងជំនួបលើកដំបូងនេះ ពួកគាត់បានបង្ហាញអារម្មណ៍នឹករលឹក និងឱបថើបគ្នា យ៉ាងស្និទ្ធស្នាល និងបាននិយាយប្រវត្តិពិតភ្ជាប់ជាមួយសាច់រឿងកាលនោះ​(មុនឆ្នាំ៩០)ថា អ្នកស្រី ច័ន្ទ តារាទី តួអង្គចរិយា និង លោក ខៃ ប្រសិទ្ធិ តួអង្គ ប៊ុនធឿន ក្នុងឈុតមួយដែលអ្នស្រីចាប់អារម្មណ៍គឺ “ចរិយាកាន់បាច់ផ្ការត់តាម ប៊ុនធឿន ដែលកំពុងជិះយន្តហោះ” ហើយតាំងពីនោះមកពួកគាត់លែងបានជួបគ្នារហូតមក ទើបតែថ្ងៃនេះ ។ លោក ខៃ ប្រសិទ្ធិ មានអារម្មណ៍ថាសប្បាយចិត្តក្រោយទទួលដំណឹងថា អ្នកស្រី ច័ន្ទ តារាទី មកប្រទេសអូស្ត្រាលី ដោយលោកលើកឡើងប្រាប់បងប្អូនថា “យើងមិនដែលបានជួបគ្នាទេ ដល់ពេលមានអាយុជ្រេៗ ទៅ ទើបបានជួបគ្នាម្តងទៀត ខ្ញុំស្រលាញគាត់ ខ្ញុំនឹកគាត់ (ច័ន្ទ តារាទី)” ។

បន្ថែមលើនោះ លោក ខៃ ប្រសិទ្ធិ និយាយលេងថា ចាំលោកខ្ចីលុយធនាគារ ១លានដុល្លារបាន លោកនឹងជូនអ្នកស្រី ច័ន្ទ តារាទី ដើរលេងគ្រប់ទីកន្លែង ហើយអ្នកស្រី តបវិញថា មិនបាច់ជូនដើរលេងទេ ឲ្យលុយនោះមក អ្នកស្រីយកទៅស្រុកខ្មែរវិញល្អជាង ។

ពាក្យសម្តីរួសរាយរាក់ទាក់ រួមផ្សំជាមួយកាយវិការដ៏ស្និទ្ធស្នាល ធ្វើឲ្យមហាជន ចង់ឃើញ តារាជើងចាស់ទាំង ២ឌួងចាប់ដៃគ្នាសម្តែងឡើងវិញ ៕

សូមទស្សនាវីដេអូ!!