ភ្នំពេញ ៖ ខណៈរឿងរ៉ាវចោរស្រីដៃឆើតលួចរបស់នៅក្នុងផ្សារព្រៃទា ហើយត្រូវពលរដ្ឋចាប់បានរួចកោរសក់នោះ ត្រូវបានមជ្ឈដ្ឋានជា​ច្រើនបានលើកឡើងផ្សេងៗគ្នាចំពោះសកម្មភាពលួចរបស់ចោរស្រី និងទង្វើ​របស់ពលរដ្ឋ​ដែ​ល​ធ្វើទារុណកម្មធ្ងន់ធ្ងរថ្នាក់នេះ ប៉ុន្តែសម្រាប់ការលើក​ឡើងដ៏​គួ​រឲ្យចាប់អារម្មណ៍នោះគឺមហាជនភាគច្រើន​បានហៅអ្នកចាប់កោរសក់នោះ​ថាមានកំហុសធ្ងន់ជាងនារីជាចោរថែមទៀតផង​។

ក្នុងនោះម្ចាស់គណនីមួយ​បាន​លើកថា «ខ្ញុំមិនគាំទ្រចោរទេ តែក៏មិនលើក​ទឹក​ចិត្ត​​ដល់អ្នកធ្វើ​ទារុណកម្ម​ដែរ» ។ ជាមួយគ្នានោះតារាមានងារពូកែទើស ម៉ៃ សុគន្ធ ក៏បានចេញមុខរិះគន់ផងដែរដោយលើកថា «ខ្ញុំមិនមែនកាន់​ជើងចោរ ឬលើក​ទឹកចិត្ត​អោយចោរទេតែទង្វើព្រៃផ្សៃបែបនេះ មិនគួរមានលើសង្គមខ្មែរ ចោរទោះ​​យើងចាប់​បានខឹងណាស់ ត្រឹមចាប់នាងអោយសមត្ថកិច្ចចុះ យើងគ្មានសិ​ទ្ធ​កាត់ក្តីលើ​នាងនូវទង្វើដ៏សាហាវ​ទាំងបែបនេះទេ»។

ប៉ុន្តែនៅមុននេះបន្តិចគេក៏បានឃើញទំព័រហ្វេសប៊ុកមួយចេញមកបញ្ជាក់ច្បាស់ៗថា ពេលនេះ​សមត្ថកិច្ចបាន​ចាត់​​កម្លាំងដើម្បីស្រាវជ្រាវទាក់ទិនរឿងនេះ​ហើយ។ ទំព័រហ្វេសប៊ុកនេះបានឲ្យដឹងនូវដំណឹងក្តៅធ្វើឲ្យអ្នកចាប់​កោរសក់​ចោរស្រីដៃឆើតដេកភ័យបុកពោះថា «អុញនោះកុនហើយ ក្រុមអ្នកក្លាហាន​វាយយុវតីលួច​ទូរស័ព្ទ​ដៃនៅផ្សារព្រៃទាហើយចាប់នាងកោរត្រងោលទៀតទោះនាងលើកដៃសំពះក៏មិនលើកលែងដែរ ឥឡូវនេះ​លោ​កវរៈសេនីយ៍​ឯក​ យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជយ័ បានដឹកនាំកម្លាំងចុះស៊ើបអង្កេត និង ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ហើយ»។