ភ្នំពេញ៖ បន្ទាប់ពីមរណភាពរបស់ពិធីករជើងចាស់លោក អ៊ិត សេដ្ឋា បានបន្សល់ទុកម្តាយ និងកូនប្រុសស្រីក្មេងៗចំនួនបីនាក់ ព្រមនឹងភាពសង្វេកមួយជីវិតពិធីកររូបនេះ រស់នៅនឹងបន្ទប់ជួល រួមនឹងម្តាយវ័យជរា ជាមួយនឹងបណ្តាំចុងក្រោយថា បំណងឲ្យកូនៗនិងម្តាយរស់ផុតពីជួលផ្ទះគេ។ ពេលនេះបំណងនេះក៏ត្រូវបានមិត្តៗរួមការងាររួមនឹងសប្បុរជនជួយបំពេញបានហើយ។
តាមរយៈហ្វេសប៊ុករបស់ពិធីករលោក សាយ រតនៈ ដែលជាអ្នកស្រលាញ់រាប់អានលោកសេដ្ឋា ក៏បាន Live ផ្ទាល់ប្រាប់ដែរថា ព្រឹកនេះផ្ទះថ្មីរបស់ម្តាយ និងកូនលោកសេដ្ឋា ដែលបានរៀបចំរួចរាល់ជាស្ថាពរ ក៏បានធ្វើពិធីសូត្រមន្តឡើងថ្មីហើយផងដែរ។
ចំណែកឯលោក សុវណ្ណ រិទ្ធី ដែលជាប្រធានផ្នែកផលិតរបស់ក្រុមកំប្លែង CTN លោកពាក់មី និងអ្នកនាងយុគ ចិន្តា ក៏បានចូលរួមក្នុងពិធីនេះផងដែរ។
លោក សាយ រតនៈ ក៏បានរៀបរាប់នៅលើវីដេអូ Live របស់លោកឱ្យដឹងដូច្នេះថា៖ « ទៅចូលរួមពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីរបស់អ្នកម្តាយ និងកូនៗបងប្រុស អ៊ិត សេដ្ឋា! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានជួយដល់គ្រួសារគាត់! សូមជួបនូវពុទ្ធពរទាំង4ប្រការ កុំបីឃ្លៀងឃ្លាតឡើយ! »។
ខណៈនោះដែរអ្នកនាង យុគ ចិន្តា ដែលបង្ហាញពីការចូលរួមពិធីសូត្រមន្តឡើងផ្ទះម្តាយនិងកូនៗ លោក អ៊ិត សេដ្ឋា ក៏បានបញ្ជាក់ថា «បន្ទាប់ពីបានទិញនឹងជួសជុលមួយរយៈកន្លងមក ហើយពិធីឡើងគេហដ្ឋានថ្មីរបស់គាត់នឹងប្រារព្ធធ្វើនៅក្នុងខែកញ្ញាខាងមុខនេះ»។
