ហ្វីលីពីន៖ ទើបនឹងភាពរញ្ជើបរញ្ជូលអស់មហាជនខ្មែរ ដែលសាទរនារីខ្មែរគ្រងឱកាសប្រជែងជយលាភីសម្ផស្សនារីជុំវិញពិភពលោក ខណៈ កញ្ញា ខ្លឹម ស្រីគា ក៏កំពុងទទួលបានភាពលេខធ្លោរខ្លាំងពីការគាំទ្រ ក្នុងកម្មវិធីប្រកួត Miss Grand International រួមនឹងដំណឹងត្រៀមស្វាគមន៍ស្រីស្អាត់កូនកាត់ខ្មែរអាមេរិក កញ្ញា យស ប៉ូលីណា ឡើងប្រកួតសម្រស់ Miss Global International 2017 ។ រំពេចនេះមហាជនកំពុងភ័យបុកពោះ នឹងជោគវាសនា កញ្ញា អែម គុណថង លើឆាកប្រកួតសម្រស់ Miss Earth 2017 នៅទឹកដីហ្វីលីពីន ។

ជាមោទនភាពដែរ នៅឱកាស ខែតុលា ឆ្នាំ២០១៧នេះ រាជនីសម្រស់កម្ពុជា ហាក់ទទួលបានភាពលេខធ្លោរខ្លាំង ដែលបានចូលរួម ប្រគួតប្រជែងបវរកញ្ញាចំនួន ៤ រួមមាន Miss Grand International, Miss Global International 2017, Miss Earth 2017, Miss Universe ក្នុងកម្មវិធីនីមួយៗនោះ មានបវរកញ្ញាខ្មែរ តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែ មកដល់ពេលនេះ វាសនា បុប្ផាកម្ពុជា លើវិថីឆ្ពោះទៅគ្រងជយលាភី ជាបវរកញ្ញា ភពផែនដី របស់កញ្ញា អែម គុណថង ហាក់កំពុងស្ថិតលើចំណុចបារម្ភ ខណៈអ្នកគាំទ្រកំពុងធ្វើការអំពាវនាវយ៉ាងទទួចសុំការគាំទ្របន្ថែមឲ្យបានច្រើន ដើម្បីឆ្ពោះទៅរកឱកាសគ្រប់គ្រង ម្កុដដែលមានតម្លៃ ៩៥០,០០០ ដុល្លារជូនប្រជាជនកម្ពុជា។ ការប្រឡងបវរកញ្ញាភពផែនដី (Miss Earth) 2017 នេះ មានបេក្ខនារីមកពីជាង ៩០ប្រទេសចូលរួម ដែលប្រារព្ធឡើងនៅប្រទេសហ្វីលីពីន ។

បើតាមការបញ្ជាក់របស់គណនីហ្វេសប៊ុកឈ្មោះ “MISS Cambodia Beauty Pageant” ថា “ខណៈពេលនេះមាន បវរកញ្ញា ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម កំពុងមានពិន្ទុខ្ពស់ជាងបវរកញ្ញាខ្មែរហើយ” ដូច្នេះសូមបងប្អូនចូលរួមបោះឆ្នោតឲ្យបវរកញ្ញាខ្មែរ អែម គុណថង ដោយគ្រាន់តែចុចលើ “Earth Miss” បន្ទាប់មកចុច Like និង Share ។