ភ្នំពេញ៖ តារាសម្ដែងដែលកំពុងទាក់ទាញប្រជាប្រិយភាពខ្លាំងពីមហាជន ម៉ាក សែនសូនីតា ហៅ តូតា ទំនងកាន់ចង់បង្ហាញទៅមជ្ឈដ្ឋានឲ្យដឹងកាន់តែច្បាស់ពីទំនាក់ទំនងស្នេហាជាមួយលោក ប៉ុល វិបូ ជាចាងហ្វាងផលិតកម្ម Angkor Picture ។មិនថាមានកម្មវិធីតូចធំ អ្នកទាំងពីរតែងតែបណ្តើរគ្នាត្រសង យ៉ាងផ្អែមល្ហែមបំផុតសូម្បីតែថ្ងៃខួបកំណើតកូនស្រីរបស់ ភិន ដាលីស ក៏មានវត្តមានគូស្នេហ៍ទាំងពីរ រួមជាមួយម្តាយរបស់នាង ដែលទៅចូលរួមមានលក្ខណៈជាគ្រួសារតែម្តង។

កន្លងមកអ្នកជិតស្និទ្ធនឹង តូតា ធ្លាប់លួចបង្ហើបថា “អ្នកទាំងពីរបានរស់នៅជាមួយគ្នាក្រោមដំបូលតែមួយទៀតផង” ។ តាមការជាក់ស្តែងស្នេហាអ្នកទាំងពីរ រស់នៅមានការយល់ចិត្តថ្លើមគ្នា ហើយណាមួយមានចាស់ទុំក៏ដឹងឮដែរ គ្រាន់តែមិនទាន់បានរៀបចំទុកដាក់តាមប្រពៃណីប៉ុណ្ណោះ។

ពេលនិយាយរឿងរៀបការស្រីស្អាត សាច់សខ្ចី តូតា ហាក់ដូចជាមានអ្វីលាក់លៀម និង ធ្វើមុខរាងស្រពិចស្រពិល មិនដឹងថាពេលណាប្រាកដ ដោយគ្រាន់តែប្រាប់ថា “សព្វថ្ងៃនាងខ្ញុំរវល់នឹងការងារសិល្បៈណាស់” ។ តាមប្រភពអ្នកស្និទ្ធស្នាលដដែលបានបង្ហើបប្រាប់ថា “នាងមានគ្រោងរៀបការពេលឆាប់ៗ ខាងមុខនេះ” ៕