​កណ្តាល ៖ ស្ត្រី​ជា​ម្តាយ​វ័យក្មេង​មាន​វ័យ​ប្រមាណ​២០​ឆ្នាំ ដែលមានរ​បរជា​នារី​ម៉ាស្សា បាន​ដាច់ចិត្ត​ទុក​កូនប្រុស​ខ្លួន​ចោល​ឲ្យ​អ្នកជិតខាង​មើលថែ ក្រោម​ឡេស​ថា​ចេញទៅ​ធ្វើការ និង​ផ្តល់​ប្រាក់ខែ​ឲ្យ​អ្នកជិតខាង​រូបនោះ ២០០​ដុល្លារ​ក្នុង​១​ខែ​។ ប្រភព​បាន​ឲ្យ​ដឹងថា​ស្ត្រី​ជា​ម្តាយ​ដែល​ដាច់ចិត្ត​ទុក​កូន​ចោល​នេះ​មានឈ្មោះ រស្មី ស្នាក់នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ចំណែក​កូនប្រុស​អភ័ព្វ​ម្តាយ​ទុកចោល​នេះ​មាន​អាយុ​ទើប​១​ខែ​ប៉ុណ្ណោះ​ប៉ុន្តែ​ទារក​តូច​នេះ​ពិការ​ជើង​ទាំងសងខាង​។​

​យោងតាម​សម្តី​ស្ត្រី​ជា​អ្នក​មើលថែ​ក្មេងប្រុស​អភ័ព្វ​ខាងលើ បាន​រៀបរាប់​ប្រាប់ថា​កាលពី​អំ​ឡុ​ពេល​ប្រមាណ​២​ខែ​មុននេះ ក្មួយ​ស្រី​របស់គាត់​ម្នាក់ រស់នៅ​ភ្នំពេញ ក្បែរ​ផ្ទះ​ម្តាយ​ក្មេងប្រុស​ខាងលើ បាន​ប្រាប់​គាត់​ថា មាន​គេ​ត្រូវការ​អ្នក​មើលថែ​ក្មេង​ដោយ​ឱ្យ​ប្រាក់ខែ​ខ្ពស់​ទើប​គាត់​ចាប់អារម្មណ៍​ក៏​ឡើង​មកជួប និង​ត្រូវបាន​ស្ត្រី​ឈ្មោះ​រស្មី ជា​ម្តាយ​របស់​ក្មេងប្រុស​អភ័ព្វ បាន​និយាយ​ឱ្យ​គាត់​មើលថែ​កូនប្រុស​នេះ​ដោយ​ផ្តល់ ប្រាក់ខែ​ឱ្យចំ​នួន​២០០​ដុល្លារ ចំណែក​គាត់​ព្រមព្រៀង​ជាមួយ​ម្តាយ​ក្មេងប្រុស​នេះ​តែ​ក្រោយពី​ព្រមព្រៀងគ្នា​ហើយ​គាត់​ក៏​នាំ​ក្មេងប្រុស​នេះ ទៅ​ពេជ្រនិល ដែលជា​ស្រុកកំណើត​ខ្លួន​។​

​បន្ថែម​ដោយ​ហួសចិត្ត​ស្ត្រី​មើលថែ​ក្មេង​អភ័ព្វ​នេះ​បន្តថា តាំងពី​ចាប់ផ្តើម​មើលថែ​ក្មេងប្រុស​ម្នាក់នេះ រហូតមកដល់​សព្វថ្ងៃ មាន​រយៈពេល​ជាង​២​ខែ​ទៅហើយ ប៉ុន្តែ​មិនដែល​ឃើញ​ស្ត្រី​ជា​ម្តាយ​ផ្ញើ​ប្រាក់ខែ​ឱ្យ​គាត់​សោះ ទើប​គាត់​សម្រេចចិត្ត បីកូន​តូច​នេះ ត្រឡប់​មករក​ម្តាយ​គេ​វិញ តែ​មកដល់ ស្រាប់តែ​បាត់​មិនដឹងថា​ស្ត្រី​ជា​ម្តាយ​នេះ គេ​ទៅណា​បាត់​ទេ ទោះជា​ទៅ​សួរនាំ​នៅ​កន្លែង​ហាង​ម៉ាស្សា​ដែល​នាង​ធ្លាប់​បម្រើការ ក៏​គ្មាន​អ្នកណា​បានដឹង​ពី​ដំណឹង​នាង​ដែរ​។​ 

Comments