ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា«អាណិតស្រី ឡៃណាស់ តាមពិតខ្ញុំបានដឹងរឿងនេះយូរហើយ តាំងពីនៅជា Coach មកម្លេះ ស្រីឡៃ ពិតជាបានទទួលរងទារុណកម្ម ហឹង្សា រាល់ពេលរាល់វេលាមែន ហើយពេលខ្លះមកហាត់សម ទាំងខ្លួនមានស្នាមជាំ ទៀតផង»។
ជាក់ស្ដែងនៅក្នុងវិដេអូសម្ភាសន៍អា្នកនាង ពេជ្រ សោភា បានបន្តរៀបរាប់ថា« នាងខំបិទបាំងនិងពួកខ្ញុំណាស់ តែនាងលាក់មិនបានយូដោយសារតែមានការឈឺចាប់ពេក នាងបានយំអោបពួកខ្ញុំ ហើយនិយាយថា ខ្ញុំខុសដែរទេដែលខ្ញុំខំដើម្បីគ្រួសារខ្ញុំ កូនខ្ញុំ និងអ្នកមានគុណខ្ញុំ ហើយការទទួលរងហឹង្សាពីប្តីនេះ បងបងអាចទទួលយកបានទេ? ពិតណាស់ ពួកយើងបានត្រឹមសំរក់ទឹកភ្នែក ក្រោយពេលទទួលដឹងការពិត ហើយបានតបថា ពួកបងមិនប្រកាន់ខឹង ឬ បង្អាក់សេចក្តីខំប្រឹងរបស់អូនទេ ថែមទាំងខិតខំជួយអូនថែមទៀត» និយាយដល់ត្រឹមនេះ អ្នកនាងពេជ្រ សោភា យំកាន់តែខ្លាំង ស្ទើររកកលខ្យល់ម្តងៗហើយបានបន្តថា «សូមឈប់យល់ច្រឡំ ថាដោយសារស្រីឡៃ ចូលសិល្បះទើបបែកបាក់គ្រួសារ និង មានរឿងនេះកើតឡើងអី កុំសាងបាបកម្មដោយខ្លួនមិនដឹងអី។ជាក់ច្បាស់ណាស់ ការប្រច័ណ្ឌ និង កំហឹង អាចធ្វើអោយមនុស្សគិតខ្លី និង ធ្វើអ្វីដែលខុសឆ្គងយ៉ាងច្រើន ហើយនេះមិនមែនជាលើកទីមួយនោះទេ ការប្រច័ណ្ឌមិនមែនកើតមានឡើងលើតែបុរសតែម្ខាងនោះទេ ពេលខ្លះស្រ្តីក៏ចេះប្រច័ណ្ឌដែរ។ តែអ្វីដែលខ្លោចចិត្តបំផុត គឺផលដែលកើតឡើងក្រោយការប្រច័ណ្ឌ»។
ដូចនេះអ្នកនាងបានផ្ដាំផ្ញើដល់មិត្តអ្នកអាន ឲ្យយករឿងដែលបានកើតឡើងចំពោះ ស្រី ឡៃ ទុកជាមេរៀនផង និង កុំឆាប់ប្រកាន់ម្ខាងៗ និយាយរិះគន់គ្មានមូលដ្ធានច្បាស់លាស់ ដែលជាហេតុនាំអោយអាប់យសដោយមិនដឹងខ្លួន៕
