ភ្នំពេញ៖ អ្នកនាង សាន្ត ស្រីឡៃ ដែលត្រូវខ្មាន់កាំភ្លើងជាអតីតស្វាមីបាញ់សំលាប់នៅកណ្តាលក្រុងភ្នំពេញ ដែលកំពុងធ្វើឲ្យមហាជន ផ្ទុះក្តីសង្វេកអាណិតដល់ភាពខ្លោចផ្សារ ក្មេងកំព្រាពីរនាក់ ដែលជាតំណក់ឈាមសព ត្រូវរស់នៅនិងជីដូនជាស្រីមេម៉ាយ។

ខណៈនេះ លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្តែងល្បីនៅផលិតកម្មហង្សមាស ក៏ចេញសារបង្ហាញការសោកស្តាយ ពីការបាត់បង់ជីវិត របស់សាន្ត ស្រឡៃ។ លោក កៅ សីហា នៅថ្ងៃទី១៧ខែតុលា បានសរសេររៀបរាប់ ថា«សាន ស្រីឡៃ ស្រីឡៃ អើយបងទទួលយកមិនបានទេ! ក្រោកមកវិញមកអូន ក្រុមការងារតក់ស្លុតណាស់ រឿងយើងថតមិនទាន់ចប់ទេ។ អូនឯងទើបខលសុំបងលើកថ្ងៃថតពីម្សិលសោះ បងក៏ជ្រុលសម្ដីធំដាក់ទៀត! មិនគួរទេអូន! អនុស្សាវរីយ៍យើងរួមការងារជាមួយគ្នា2ខែនេះ អូនបានសាងភាពរីករាយច្រើនជាងគេ អូនស៊ុបប្រាយខួបបង ធ្វើឲ្យបងភ័យស្លន់ស្លោ បងខឹងដាច់ក្បាលដាច់កន្ទុយ»។ លោក កៅ សីហា រំឭកទៀតថា ព្រឹកឡើងបងស្ដីឲ្យរហូតយំទៀត! ផ្អែម ត្រជាក់ ក្ដៅ យើងបានរួមការងារគ្នាជាក្រុមសម្រាប់រឿងយើងច្រើនណាស់! សូមអូនទៅកាន់សុគភព ហើយកុំអាយុខ្លីដូចជាតិនេះទៀត! ក្រុមការងារថតរឿងយើង រន្ឋត់ និងសោកសង្រែងគ្រប់ៗគ្នា អាឡោះអាល័យអូន រកពាក្យអ្វីនិយាយមិនចេញទេ!»។ អ្នកដឹកនាំរឿងផលិតកម្មហង្សមាសរូបនេះ បានឲ្យដឹងថា« យប់នេះថតចប់នៅកោះដាច់ ពួកយើងនឹងទៅចាត់ចែងបុណ្យសពអូនហើយ»។