ភ្នំពេញ៖កាលពីរាត្រីថ្ងៃទី ១៤ ខែ តុលា គឺជារាត្រីកាត់សេចក្តីនៃជោគវាសនាបេក្ខភាពរបស់កុមារក្នុងកម្មវិធីប្រឡងចម្រៀងកុមារ វគ្គផ្ដាច់ព្រ័ត្រ The Voice Kids Cambodia ។ រំពេចនោះលទ្ធផលក៏លេចឡើងច្បាស់ក្រឡែកផងដែរ ដែលកុមារា ពេជ្រ ថៃ លើកពានចម្រៀងកុមារ The Voice Kids Cambodia។ ក្រោយពីតារាចម្រៀងល្បីខាងរិះគន់តារាគ្នាឯង លោក ម៉ៃ សុគន្ធ តារាសម្ដែង កញ្ញា នៅ សូនីតា បានបង្ហោះសារខកចិត្តនៅក្នុងន័យដូចគ្នាថា៖ «កម្មវិធីប្រឡងចម្រៀង គឺជ្រើសរើសសំឡេង មិនត្រូវយកមនោសញ្ចេតនាមកប្រកួតអ៊ីចឹងទេ។ ពេជ្រ ថៃ ច្រៀងចាញ់គេទាំងអស់»។

កញ្ញា ជីជី ពិធីការិនីល្បីនៅទូរទស្សន៍ ក៏ចេញសារពន្លះលើការលើកពាន កុមារា ពេជ្រ ថៃ មិនណយដែរ ។ ខណៈពិធីការិនីរូបនេះថា៖ «តើប្រកួតសំឡេង ឬក៏ប្រកួតកំប្លែងយកប្រជាប្រិយ?»។ ភ្ជាប់នឹងឃ្លាមួយទៀតនៅក្នុងន័យនិយាយលេងផងនិងមែនផងថា៖ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ»។ យ៉ាងណា ពិធីការិនី ជីជី ប្រែហាក់បង្ហាញភាពខ្លាចរអានឹងមតិខ្លួនដែលធ្វើការរិះគន់ម្ចាស់ជយលាភី កុមារា ពេជ្រ ថៃ ខណៈមតិរិះគន់នាងក៏ត្រូវបានព័ត៌មានយកទៅធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ហើយថែមទាំង ផ្គួបជាមួយនឹងមតិតារាល្បីៗជាច្រើនថែមទៀត។

ប៉ុន្តែថ្មីៗនេះពិធីការិនី ជីជី ក៏ចេញសារ ក្នុងន័យលុបលាងមតិដែលនាងរិះគន់មុន ដោយពន្យល់ថា៖ «ខ្ញុំមិនបានស្អប់ប្អូន ពេជ្រ ថៃ ទេ ខ្ញុំគ្រាន់តែបញ្ចេញមតិតាមការយល់ឃើញពាក្យថា the voice មានន័យធំទូលាយណាស់ »។ ជីជី បានបកស្រាយបន្តថា៖ «ខ្ញុំក៏ជាអ្នកគាំទ្រកម្មវិធី The Voice Kids Cambodia គ្រាន់ចង់បញ្ចេញមតិយោបល់ថា ប្រឡង ចម្រៀងគឺយកសំឡេងមិនមែនមកយកប្រជាប្រិយភាពទេ។ ប្អូនពេជ្រ ថៃ ពិតជាក្រមិចក្រមើមគួរឲ្យស្រឡាញ់ និងចូលចិត្ត។ តែសំឡេងពិតជាមិនទាន់ដល់កម្រិតឡើយ»។ កញ្ញា ជីជី បានបន្ថែមចំណាប់អារម្មណ៍ខ្លួនឯងថា៖ «សូមឲ្យពិន្ទុតាមសមត្ថភាពពិតចៀសវាងប្រើមនោសញ្ចេតនានាំឲ្យខូចកម្មវិធី»៕