ភ្នំពេញ៖ តាំងពីកូនធំពេញវ័យវឌ្ឍនាការ ១៦ឆ្នាំ តារាសម្តែង ស្វែង សុជាតា មានឱកាសជួបកូនញឹកញាប់ ផ្ទុយពីកាលពីកូននៅតូចអតីតស្វាមីរបស់នាងប្រឹងបង្វាងនាងមិនឲ្យជួបកូនទេ តែពេលជួបហើយនាងបង្ហាញក្តីស្រលាញ់គ្មានថ្ងៃប្រែចំពោះកូនប្រុស ដោយនៅដើមខែកញ្ញា ឆ្នាំ២០១៨ នាងថា «កូនប្រុសមានការរីកចំរើនខ្លាំង ក្នុងការហាត់ក្បាច់គុន» ខណៈដែលប្រភពស្និទ្ធនាងប្រាប់ថា «នាងប្រឹងឲ្យកូនហាត់ឲ្យស្ទាត់ និងមានសាច់ដុំមាំទ្រាំ ចូលជាតារាសម្តែងតែម្តង»។
ខណៈហាត់បាន ១ខែសមត្ថភាពកូនប្រុសរបស់អ្នកនាង ស្វែង សុជាតា មានឈ្មោះ វិបុល សុខ អាយុ១៦ឆ្នាំ កំពស់ ១.៧៨ ម៉ែត្រ រីកចម្រើនគួរកត់សម្គាល់ ដែលគ្រូបង្វឹកហ៊ានឲ្យចាប់ដៃគូប្រកួតសាកល្បងទៀតផង គ្រានោះម្តាយឈរមើលរំលេចពាក្យថា «តស៊ូកូនសម្លាញ់»។ យ៉ាងណាប្រភពពីម្តាយបង្ហើបថា «ពេលកូនហាត់ស្ទាត់អាចចូលសម្តែងបានមិនឆ្គង ហើយពេលនោះរូបគេនឹងមានឈ្មោះបោះសម្លេងយ៉ាងឆាប់រហ័ស»។
