ភ្នំពេញ៖ តារាម្ចាស់ពាន​ល្បីច្រៀង​ខុសប៉ារ៉ូល គ្រី ថៃពៅ បានក្លាយជាតារាចម្រៀងកុងត្រា​ហង្សមាស​ ខែមេសា ឆ្នាំ២០១៨ មកទល់ពេលនេះមានបទថ្មី​ៗរបស់ប្រមាណពីរបីបទបានចេញលើទីផ្សារ តែមហាជនកត់សម្គាល់ឃើញថា មិនផ្ទុះកក្រើកដូចជំនាន់ម្ចាស់ពាន ប៊ុត សីហា, នី រតនា និង ថែល ថៃ ទេ ដោយប្រភពខ្លះធ្លោយមាត់​ថា «សមត្ថភាពគាត់មានកម្រិត» តែបើក្រឡែក​ទៅមើលលោកផ្ទាល់ហាក់មិនដែលបារម្ភរឿងធ្លាក់ប្រជាប្រិយភាពម្តងណាទេ ពេលលោកកាន់តែស្ងប់ស្ងាត់ពីមួយថ្ងៃទៅមួយថ្ងៃឡើយ។

ថ្វីត្បិតតារាដើមកំណើតខេត្តកំពង់ចាម គ្រី ថៃពៅ មិនល្បីបទថ្មី «ខ្វះគេ​មិនបាន» និង «គួរសារភាពទេ» ក៏ដោយ ក៏លោកត្រូវហង្សមាស រុញឱ្យចូលទៅថតភាពយន្តភាគដើម្បីឱ្យតារាចម្រៀងរូបនេះ កុំឱ្យស្ងប់ស្ងាត់ពេកដែរ តាមរយៈរឿង «ញុំមានញាណលើស» ដែល ថៃពៅ សម្តែងប៉ះជាមួយរៀមច្បង ឆន សុវណ្ណារាជ, ណុប ប៉ាយ៉ារិទ្ធ, សយ រតនៈ, សុខ ស្រីនាង និង ប៉ាច គីមមួយ ជាដើម។