ភ្នំពេញ៖ តារាចម្រៀងម្ចាស់ពានអភ័ព្វរស់ឆ្ងាយទ្រនំធំ ប៊ុត សីហា តែងបង្ហើរសំនៀងក្រអួនក្រអៅក្រៅហ្វូងសិល្បៈនោះ ក៏ទទួលបានការគាំទ្រសន្ធឺកសន្ធាប់ពីមហាជនគ្រប់មជ្ឈដ្ឋានដែរ ព្រោះតែគេមើលឃើញថា «ការច្រៀងរបស់ប៊ុត សីហា ជាសមត្ថភាពស្តែងៗ មិនមែនលំៗដូចតារាមួយចំនួនទេ» ខណៈដែលបទថ្មីៗរបស់លោក «គ្មានអ្នកណាកែចិត្តបងបានទេ» ចេញភ្លាមមានអ្នកសម្រុកចូលទស្សនាជាង ៥លានដង។
ថ្វីត្បិត ប៊ុត សីហា ក្សត់វោហារស័ព្ទក្តី តែលោកក៏បង្ហាញការជឿជាក់លើអបិយជំនឿមិនស្ទើរដែរ ខណៈមុនលោករងរឿងអាស្រូវគ្រឿងញៀនល្បីថា លោកបានទៅសំងំតាំងសិល៍លើភ្នំស្រង់ទៀតផង តែយ៉ាងណាប្រភពអ្នកភូមិថា «មិនពិតទេ គ្រាន់តែគេនិយាយក្នុងន័យលេងសើចប៉ុណ្ណោះ ព្រោះលោកគ្រានោះស្ងាត់មិនឃើញចេញមុនលើឆាកហង្សមាស»។ ប៉ុន្មានខែមុននេះតារាចម្រៀងដើមកំណើតខេត្តកំពង់ស្ពឺ ប៊ុត សីហា បានប្តូរឈ្មោះហៅក្រៅក្នុងហ្វេសប៊ុកពី The Voice Cambodia ទៅជា The Voice KH វិញ បង្កឲ្យមហាជនមានឆ្ងល់មិនស្ទើរទេ តែប្រភពខ្លះប្រាប់ថា «ដើម្បីហុងស៊ុយ»។ ជាថ្មីម្តងទៀត នៅប៉ុន្មានម៉ោងមុននេះតារាកូន១ ប៊ុត សីហា បានផ្លាស់ប្តូររូប Cover ថ្មីក្នុងហ្វេសប៊ុក ដែលទំនងជាទាញយកហុងស៊ុយនាឱកាសបុណ្យភ្ជុំបិណ្ឌ ហើយក៏ជាឱកាសអបអរសាទរលោកទទួលបានការគាំទ្រសន្ធឹកពីសំណាក់មហាជនក្នុងបទ «គ្មានអ្នកណាកែចិត្តបងបានទេ»ផងដែរ។
