ភ្នំពេញ៖ រំលងបាន ១ឆ្នាំ បទ «ភ្ជុំបិណ្ឌនឹកស្រុក» របស់ ម៉ៅ ហាជី ត្រូវបានអ្នកលេងបណ្តាញសង្គមស៊ែរតៗគ្នា និងរំលេចអត្ថន័យ​ភ្ជុំបិណ្ឌ​អត់លុយទៅស្រុក បង្កឲ្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលតួអង្គប្រឹងប្រែងលើកិច្ចការនេះ សម្តែងការមិនពេញចិត្តត្បិតចម្រៀងមួយបទនោះ បង្កប់ដោយអត្តន័យមិនត្រឹមត្រូវ បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងការងារ ថា «បទចម្រៀងមួយបទនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ និយោជិត»។

កាលពីរសៀលថ្ងៃទី​០៣ ខែតុលា ឆ្នាំ២០១៨ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន ដែលឃ្លាមួយក្នុងបទចម្រៀងនេះដែលធ្វើប៉ះពាល់ដល់គោលនយោបាយ គឺមានខ្លឹមសារដូចជា «កម្មករនិយោជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុក បានត្រឹមតែស្រុកទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ-ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»៕

សូមទស្សនាវីដេអូ!!