ភ្នំពេញ៖ ការរៀបចំបុណ្យសព សាន ស្រីឡៃ មិនទានចប់ផង ស្រាប់តែលេចមុខអាចារ្យមុខលុយវត្តសែនសុខ ដែលតាំងខ្លួនឯងជាអាចារ្យធំ មកទារលុយរៀបចំបុណ្យសព សាន ស្រីឡៃ ២៦០០ដុល្លារពីក្រុមគ្រួសារ ទាំងដឹងថា ការចំណាយក្នុងពិធីរៀបចំបុណ្យសពនេះ ជាបន្ទុករបស់ផលិតកម្មហង្សមាសទាំងស្រុង ។ អាចារ្យវ័យក្មេងមុខស្រស់រូបនេះ បានចេញវិក័យបត្រទូទាត់ទាំងតក់ក្រហល់ថ្លៃតម្កល់សព ១២៥០ដុល្លារ, អាចារ្យយោគី ៥០០ដុល្លារ, សម្រាប់វត្តចាត់ចែងពិធីបុណ្យ ៧០០ដុល្លារ និង ក្តារមឈួស ១៥០ដុល្លារ ហើយថែមទាំងពោលពាក្យគំរាមធ្ងន់ៗថា “ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ” ដែលធ្វើឲ្យមហាជនជាច្រើនបានរិះគន់ធ្ងន់ៗចំពោះចំណាត់ការរបស់អាចារ្យរូបនេះថា ជាមនុស្សឆ្លៀតឱកាសរកលុយ មិនគិតពីការលំបាករបស់គ្រួសារសព និងមានអ្នកខ្លះទៀតសម្តែងការហួសចិត្តក្នុងការទារថវិកាឥតសំចៃនេះ ។
ជុំវិញរឿងនេះ មិនទាន់មានការបំភ្លឺពីក្រុមការងារហង្សមាស ដែលកំពុងតែរៀបចំបុណ្យសពនោះទេ តែទោះជាយ៉ាងណាផលិតកម្មហង្សមាស មិនខ្វះលុយទេ សម្រាប់ពិធីបុណ្យប៉ុណ្នឹង តែអ្វីដែលសំខាន់គេធ្វើទៅតាមជំហាននិមួយៗ និងចំណាយត្រឹមត្រូវតាមខ្ទង់របស់គេ ៕
