ភ្នំពេញ៖ បន្ទាប់ពីចេញលទ្ធផលប្រឡងគ្រូកម្រិត​ឧត្តមបរិញ្ញា+១ ផ្អើល​រឿងចរចាមអារាមថា មានអ្នកខ្លះ​ដាក់លុយ​ជាថ្នូរទៅនឹងការជាប់គ្រូ តែលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា មិនមានការយកលុយដើម្បីបានជាប់ជាគ្រូ ជំនួសឱ្យការប្រឡងគ្រូឡើយ ហើយក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសទាំងអស់ ដែលយកលុយមួយចំនួនដោយសន្យារត់ការឱ្យជាប់ជាគ្រូបង្រៀននៅកម្រិតណាមួយ។

ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញកាលពីថ្ងៃទី២ តុលា ថា «ដំណើរការនៃការប្រឡងគ្រូគ្រប់កម្រិត ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។ ទន្ទឹមនោះ ក្រសួងអប់រំអំពាវនាវដល់បេក្ខជន និងមាតាបិតា ចៀសវាងការចាញ់បោកពាក្យភូតកុហករបស់ ជនឆ្លៀតឱកាសណាមួយ ដែលនាំឲ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអាសារបង់។