ភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី១៨ នេះក៏ជាវិនាទី​ចុង​ក្រោយ​ដែល​សព​តារា​ចម្រៀង រូប​ឆោម​ពណ៌​ស្រស់​ស្អាត សាន ស្រីឡៃ អតីត​បេក្ខ​ភាព The Voice Cambodia រដូវកាលទី២ ត្រូវបា​ន​រលាយ​ក្លាយ​ជា​ផេះ​ផង់​ហើយ រំពេចនោះ នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នង​ការរងនគរបាល​ជាតិ និង​ជាស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​មន្ដ្រី​នគរ​បាល​កោសល្យ​វិច្ច័យទាំងឡាយ​ណា​ពាក់​ព័ន្ធនឹងការ​ថត​រូប​អាក្រាត​សពតារា​ចម្រៀង សាន ស្រីឡៃ និង​បង្ហោះរូប​លើបណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​ធ្វើឲ្យម​ហា​ជន បាន​សម្ដែង​ការខឹង​សម្បារ និង​ថ្កោល​ទោស​យ៉ាង​ដាច់​អហ​ង្ការ ចំពោះ​ទង្វើអសីល​ធម៌​បំផុត របស់​មន្ដ្រីនគរ​បាលកោស​ល្យវិច្ច័យ និង រិះគន់ថា នេះ គឺជា​សពរបស់​មនុស្ស មិន​មែនខ្មោច​សត្វ ឬ រុក្ខជាតិ​នោះទេ ទោះ​បីមនុស្ស​បាន​ស្លាប់​ទៅហើ​យក្ដី ក៏​នៅមាន​សិទ្ធិជា​ឯកជន​តាមច្បាប់​នៅឡើយ​ដែរ មិន​មែនអាច​ឲ្យន​រណា ឬ​មន្ត្រីណាម្នាក់​មក​ថត​រូបអាក្រាត​កាយ ហើយ​បង្ហោះ​ចែក​គ្នាមើល​គ្មានសីល​ធម៌ក្នុង​ខ្លួន​យ៉ាង​ដូច្នេះ​ទេ​ នេះ​ជាការ​បំពាន និង​អសីល​ធម៌ជា​ទីបំផុត។

ជុំវិញ​ការ​ខឹង​សម្បារ​របស់​មហាជន​ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​បញ្ជាក់​ថា ខ្ញុំ​កំពុង​ឲ្យគេ​តាម​​ស្រាវជ្រាវ​ចំពោះបុ​គ្គល​មន្ដ្រីន​គរបាល​ទាំង​នោះ បើ​សិន​ប្រព្រឹត្ត​ទង្វើ​បែប​នេះមែ​ន ខ្ញុំ​មិន​លើក​លែង​ឲ្យនោះ​ទេ គឺ​នឹ​ងចាត់វិធាន​ការ​តាម​ច្បាប់យ៉ាង​តឹង​រឹង​បំផុត មិន​លើក​លែង​ឲ្យឡើយ ពី​ព្រោះវា​ធ្វើឲ្យប៉ះពាល់​កិត្តិ​យស​របស់​សព ហើ​យក៏​វាប៉ះពាល់​ចំពោះ​វិជ្ជាជីវៈ និង​ក្រមសី​លធម៌​របស់​មន្ដ្រី​នគរ​បាល​យើង

 

តារាញូស៍ និង មហាជន​គ្រប់​មជ្ឍដ្ឋានទូទៅបានអំពាវ​នាវយ៉ាង​ទទូចឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ជួយ​ស្វែង​រកអ្នក​ដែល​ថតរូប និង​បង្ហោះ​រូបនោះ យក​មកផ្ទន្ទា​ទោសតាម​ច្បាប់ ដើម្បី​ឲ្យវិញ្ញា​ណក្ខន្ធ សាន ស្រីឡៃ ទៅ​បាន​ស្ងប់​ផង ៕