បន្ទាយមានជ័យ៖ ក្នុងកិច្ចការចុះត្រួតពិនិត្យនាព្រឹកថ្ងៃទី ៤ តុលា មន្ត្រីកាំកុងត្រូលបានរកឃើញថា បង្អែមបាញ់​ឌុក និងបង្អែមលត មានដាក់សារធាតុគីមីបូរ៉ាក់សម្រាប់ផ្សំឲ្យស្វិត និងមានសោភ័ណ្ឌភាពល្អ តែភ្លេចគិតថា វាបង្កប៉ះពាល់សុខភាព ដែលគ្រូពេទ្យជំនាញប្រាប់ថា «សារធាតុគីមីបូរ៉ាក់ គេនិយមហៅហៅថា ទឹកអន្សា ជាសារធាតុគីមីពុលម្យ៉ាងមានលក្ខណៈជាក្រាម មានក្លិនប្រហាត និងរសជាតិភ្លាវ។ វាអាច​ធ្វើឲ្យមនុស្សកើតជំងឺមហារីកធ្ងន់ធ្ងរ»។

នេះមិនមែនជាលើកទី១ ទេ ដែលមន្ត្រីកាំកុងត្រូលបង្រ្កាបបង្អែមមានសារធាតុប៉ូរ៉ាក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែដោយសារការចង់បានប្រាក់ចំណេញហួសហេតុ អ្នកផលិតមួយចំនួន បានយកសារធាតុបូរ៉ាក់ ឬទឹកអន្សាមកដាក់ក្នុងចំណីអាហារ ដើម្បីរក្សាសម្រស់ឲ្យនៅស្រស់ ស្វិត និងទុកបានរយៈពេលយូរជាងធម្មតាដើម្បីទាក់ទាញអតិថិជនរបស់ពួកគេ។