ភ្នំពេញ ៖ តារាចម្រៀងប្រុស ឆន សុវណ្ណារាជ ដែលទើបត្រូវគេដាក់ងារជា «តួរង» ក្រោយតារាស្រីរួមទ្រនំដែលគេល្បីថាជាគូស្នេហ៍គឺ ឱក សុគន្ធកញ្ញា បានប្រកាសទទួលយកប្អូនប្រុសថៅកែហង្សមាសជាគូអនាគត ហើយថ្មីៗនេះខណៈដែលចេញទៅបំពេញបេសកកម្មនៅប្រទេសជប៉ុនគេក៏បានឃើញវត្តមានអ្នកទាំងបីទៅជាមួយគ្នាដែរ ប៉ុន្តែលោក ឆន សុវណ្ណារាជ បានត្រឹមសម្លឹងមើល កញ្ញា មានស្នាមញញឹមនឹងគូដណ្តឹងប៉ុណ្ណោះ។
ស្របពេលបានមកដល់ទឹកដីកំណើតស្រាប់តែនៅលើគណនីហ្វេសប៊ុកម្ចាស់បទ «ផឹកលួងខ្លួនឯង» បានទម្លាយរូបឈរក្នុងទឹកមុខយ៉ាងស្រងូតស្រងាត់សំឡឹងភ្នែកមិនដាក់ហាក់មិនចង់ឃ្លាតពី ឱក សុគន្ធកញ្ញា ក្រោមផ្ទៃមេឃដ៏សែនអួរអាប់ព្រមទាំងបង្ហើបសារខ្លីឲ្យប្រិយមិត្តឆ្ងល់ផងថា «ឆាប់ៗនេះ»។ ភ្លាមៗក្រោយឃើញរូបភាពមិនចង់ចាកចេញបែបនេះម្ចាស់គណនីឈ្មោះ Kim Ah Na Na បានចូលខមិនបង្ហាញការសោកស្តាយថា «ម៉េចក៏បងទាំងពីរមិនជាគូនឹងគ្នាចឹងលោកអើយ»។ យ៉ាងណាមិញតាមរយៈរូបភាព និងសារនេះក៏ត្រូវបានទម្លាយថាជាសកម្មភាពថតក្នុងបទចម្រៀងថ្មីរបស់អ្នកទាំងពីរប៉ុណ្ណោះ។
