កណ្តាល៖ ប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងឱកាសកាន់បិណ្ឌទី១១ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បាននាំក្រុមការងារទៅដាក់បិណ្ឌនៅវត្តខ្ពប នាទឹកដីស្រុកអង្គស្នួល ខេត្តកណ្តាល ដែលលោក ស៊ូ វុទ្ធី និពន្ធនាយកតារាញូស៍ បង្ហាញការយល់ឃើញថា «ពិតជាឱកាសដ៏កម្រណាស់ ពីទឹកចិត្តដ៏ជ្រះថ្លា ពីបងស្រី ចន ច័ន្ទលក្ខិណា និងស្វាមី លោក ហេង ឡុង អញ្ជើញទៅវត្តខ្ពប»។
យ៉ាងណាការទៅដាក់បិណ្ឌទី១១ ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ លោក ហេង ឡុង និងភរិយាអ្នកនាង ចន ច័ន្ទលក្ខិណា បាននាំបច្ច័យ និងគ្រឿងឧបភោគបរិភោគចូលរួមបុណ្យដាក់បិណ្ឌ និងរំលេចការបន់ផ្សព្វឲ្យសមាគមទាំង ២មានការរីកចម្រើនទៅមុខ ខណៈក្នុងអាណត្តិអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ ត្រូវបានអ្នកសិល្បៈតែងលើកសរសើរថា «មានសកម្មភាពជួយអ្នកសិល្បៈបានច្រើន» ដែលក្នុងនោះ មូលនិធិសិល្បករចាស់ជរា មានសកម្មភាពផុសផុលជួយទ្រទ្រង់សិល្បករសិល្បការិនីដែលមានភាពខ្វះខាត។
