ភ្នំពេញ៖ បន្ទាប់ពីក្រសួង​មហាផ្ទៃ សម្តេចក្រហាហោម ស ខេង បាន​ស្នើ​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដែលខេត្ត​ថ្មី​ទី​មួយ គឺ​ដោយ​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល ចំណែក​ខេត្ត​ថ្មី​ទីពីរ គឺ​ដោយ​ពិនិត្យ​លើ​កត្ដា​ភូមិសាស្រ្ត និង​ប្រជាសាស្រ្ដ​របស់​ស្រុក​កោះញែក នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្ត​រតនគិរីនោះ សម្តេចតេជោ ប្រកាសព្រឹកថ្ងៃទី៥ ខែតុលា ថា «គ្មាន​ការ​បង្កើត​ខេត្ត​ថ្មី​នោះ​ទេ»។

សម្ដេច​នាយករដ្ឋមន្រ្តី​ថា «ខ្ញុំគ្មានពេលចុះហត្ថលេខា​ទេ គណៈរដ្ឋមន្រ្តី​ចេញ​ ស.ជ.ណ មួយបញ្ចប់តែម្ដងទៅ។ យកសេចក្ដីប្រកាសនាយករដ្ឋមន្រ្តីចេញ ស.ជ.ណ បញ្ចប់ការសិក្សាបង្កើតខេត្តទៀតទៅ។ ខ្ញុំរវល់ណាស់ អាក្រុមខិលខូច មួយចំនួនដែលចាប់ផ្ដើមផ្គូរផ្គងហើយយកលុយគ្នា… ហើយតាមទារលុយយកមកវិញ។ ហើយកុំបាច់យកហេតុផលថាបញ្ជូនសេវាទៅកៀកប្រជាជនទេ បញ្ហាត្រង់ថាយើងធ្វើឬមិនធ្វើទេ»។