ភ្នំពេញ ៖ នៅក្នុងពិធីបើកសន្និបាតអន្តរជាតិប្រចាំតំបន់អាស៊ី ស្តីពីសិទ្ធិស្រឡាញ់ភេទដូចគា្នកន្លងទៅ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងពាក់ព័ន្ធនឹងភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាថា សម្រាប់កម្ពុជាមិនមានឧសគ្គអ្វីនោះទេ ហើយដើម្បីឈានទៅរកការធ្វើវិសោធនកម្មច្បាប់ និងគោលនយោបាយទទួលស្គាល់ភាពស្របច្បាប់ នៃអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាបាន លុះត្រាតែមានខិតខំពង្រឹង និងពង្រីកបន្ថែមទៀតនូវការផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងមធ្យោបាយ ដើម្បីឱ្យមានការកាត់បន្ថយការរើសអើង និងស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា នៅក្នុងសង្គម និងសហគមន៍ ដែលពួកគេរស់នៅ។
លោកបានបញ្ជាក់បន្ថែមថា នៅពេលដែលសង្គម និងសហគមន៍មានការទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាហើយនោះ អ្នកធ្វើច្បាប់ និងគោលនយោបាយ នឹងធ្វើការពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់ និងគោលនយោបាយទាំងនោះ ព្រោះថាការរៀបចំច្បាប់ និងគោលនយោបាយក្នុងប្រទេសមួយត្រូវស្រប និងឆ្លើយតបបាននឹងបរិបទសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសនោះផងដែរ ។ ក្នុងនោះក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គាំទ្រអ្នកស្រលាញ់ភេទដូចគ្នា និងធ្វើការងារនេះ ដើម្បីលើកស្ទួយកុំឱ្យមានការរំលោភសិទ្ធិមនុស្ស ក៏ដូចជាការចូលរួមរាល់ការតាក់តែងច្បាប់ អនុក្រឹត្យ ឬគតិយុត្តផ្សេងៗ មិនឱ្យប៉ះពាល់ទៅលើសិទ្ធិបុគ្គលណាម្នាក់ឡើយ។
