ភ្នំពេញ៖ តារាពហុជំនាញលោក ដួង សុខគា ជាពិធីករពូកែវោហារសព្ទចាក់ទឹកមិនលិច នឹងជាមនុស្សម្នាក់ដែលស្រឡាញ់ចូលចិត្តលើវិស័យសិល្បៈបុរាណខ្មែរយ៉ាងជ្រាលជ្រៅ និងតែងតែលើកស្ទួយសិល្បៈបុរាណខ្មែរឲ្យមានការរីកចម្រើន ហើយចង់ឲ្យវិស័យមួយនេះមានភាពស្ថិតស្ថិរគង់វង្សជារៀងរហូតទៀតផង។
យ៉ាងណាមិញស្រាប់តែពេលនេះស្ថិតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាពហុជំនាញរូបនេះ បានបង្ហើរសារបែបអស់សង្ឃឹមលើវិស័យមួយនេះទៅវិញថា«ទោះបីជាខ្ញុំ(លោក ដួង សុខគា )មិនចេះអីច្រើន តែខ្ញុំនឹងអស់ចិត្ត ហើយនឹងលែងរវល់ពីអាយ៉ៃ ចាប៉ី យីកេ ហ្នឹងជារៀងរហូត! ព្រោះខ្ញុំគិតថា មិនច្រៀងក៏មិនដាច់ពោះ ប្រឹងក៏អត់ប្រយោជន៍ បើគ្នាយើងគិតតែពីបរទេសពេកទៅហើយនោះ។ ឱ វប្បធម៌ខ្មែរ អ្នកកុំសង្ឃឹមថា នឹងមានមុខមានមាត់នឹងគេឡើយ! ព្រោះក្មេងៗ គេលែងត្រូវការអ្នកហើយ! បរទេសទេតើ ដែលគេត្រូវការអ្នកនោះ! ចង់មិនចង់ ដើម្បីបន្តជីវិត ចូរអ្នកធ្វើម្តេចក៏ធ្វើទៅចុះ ខ្ញុំលែងដឹងហើយ»។
ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្រ ចេញមកនិយាយលួងលោមលើកទឹកចិត្តដល់តារាពហុជំនាញរូបនេះថា«មើលទៅតាមគ្នា១ពេលៗ ហើយក៏ស្ងាត់ទៅវិញ តែយ៉ាងណាស៊ូៗតទៅទៀតណាលោកពូ សុខគា កុំទាន់ចុះចាញ់នៅមានក្មេងៗដូចពួកខ្ញុំ(ម្ចាស់ហ្វេសប៊ុកឈ្មោះ អាមួយ អ៊ី) ដែលជួយលើកទឹកចិត្តនិងគាំទ្រដរាបទៅហើយ និងព្យាយាមនែនាំកូនចៅជំនាន់ក្រោយៗទៀត»។