ព្រះសីហនុ៖ ក្រៅតែពីល្បីរន្ធឺក្រុងព្រះសីហនុ ពោរពេញដោយសំរាមនោះ ស្រាប់តែពលរដ្ឋផ្អើលទាំងកណ្តាលយប់ថ្ងៃទី១០ តុលា ដែលបានឃើញកំប្លោក និងត្រកៀតសម្រុកវាយ​លុក​ឆ្នេរសមុទ្រ​ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ ដែលប្រភពមន្ត្រីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា «ដុំកប្លោក និងត្រកៀត ដែលគេអះអាងថា រសាត់មកពីប្រទេសវៀតណាមនេះ នឹងបន្តរសាត់មកកាន់ឆ្នេរខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នៅមុនពេលវាស្វិតរលួយដោយអំណាចទឹកប្រៃធ្លាក់ទៅបាតសមុទ្រ»។

យ៉ាងណាហេតុការណ៍នេះត្រូវបានប្រភពអ្នកទេសចរណ៍ និងពលរដ្ឋមួយចំនួនសម្តែងការភ្ញាក់ផ្អើលខ្លាំង តែប្រជានេសាទម្នាក់ថា «វាមិនមានអ្វីជាការចម្លែកនោះឡើយសម្រាប់កម្ទេចកំប្លោក និងត្រកៀតទាំងអស់នេះ ព្រោះកើតមានស្ទើរតែរាល់ឆ្នាំ»។ ទន្ទឹមនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការក្នុងខេត្តចុះបោសសំអាតកំប្លោក និងត្រកៀននេះរួចរាល់ហើយ។