បរទេស៖ តារាចម្រៀងផ្តាច់ចំណងស្នេហ៍អ្នកភ្លេងមាឌធំ កញ្ញា ឱក សុគន្ធកញ្ញា មានវាសនា​ខ្ពស់​ក្លាយជាប្អូនថ្លៃ​ថៅកែហង្សមាស អ៊ឹង ឆៃងួន ដែលប្រឹងសាងស្នេហ៍​យ៉ាងស្អិតរមួតតាំងពីមានពិធីភ្ជាប់ពាក្យ​អំឡុង​ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលប្រភពម្តាយបង្ហើបថា «មិនឲ្យរំលងប្រពៃណីទេ នឹងរៀបចំពិធីមង្គលការកូនស្រី និងកូនប្រសារប្រុសនាឆ្នាំក្រោយ ២០១៩»។

យ៉ាងណាក្នុងឱកាសភ្ជុំ ឱក សុគន្ធកញ្ញា បានធ្វើបុណ្យ​ទាក់ទានតាមទំនៀមទំលាប់​ពុទ្ធសាសនា ដែលប្រភពខ្លះថា «ឆ្នាំនេះមានទៅលេងគ្រួសារខាងប្រុស ហើយខាងប្រុសក៏ឧស្សាហ៍ចេញចូលផ្ទះនាងដែរ»។ ក្រៅពីការជួបជុំបងប្អូនលក្ខណៈសាច់ញាតិទាំងសងខាង តារាចម្រៀងចាស់ឆ្នាំ​របស់ហង្សមាស ឱក សុគន្ធកញ្ញា បានដឹកដៃលោក អ៊ឹង សុខលី ចេញទៅកម្សាន្តនៅក្រៅប្រទេស ដោយនាងមិនបានបញ្ជាក់ថា ចេញទៅពេលណានោះទេ គ្រាន់តែឆ្លងភ្ជុំបិណ្ឌភ្លាម​ឃើញវត្តមាននាងនៅកោះម៉ាឌីវ រំលេចរាងយ៉ាងស្រឡូន​រួមអនាគតស្វាមីបាត់ទៅហើយ។