ភ្នំពេញ៖ បន្ទាប់លេចឮព័ត៌មានមន្ត្រីនរគបាលកោសល្យវិច្ច័យ បានបង្ហោះរូបអាក្រាតកាយសពតារាចម្រៀងផលិតកម្មហង្សមាស សាន ស្រីឡៃ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ រំពេចនោះតារាចម្រៀងផលិតកម្មកាឡាក់ស៊ី ម៉ៃ សុគន្ធ បានបង្ហោះសារខឹងសម្បានឹងមន្រ្តីនគរបាលកោសល្យវិច្ច័យថា “សូម្បីតែសំបកកាយរបស់គាត់ ក៏មានអ្នកប្រមាថដែរ” ។ លោកចង់សំដៅថា សូម្បីតែ ស្រីឡៃ បានស្លាប់ទៅហើយនៅមានមន្ត្រីខ្វះក្រមសីលធម៌វិជ្ជាជីវៈថតរូបនាងពេលធ្វើកោសល្យវិច្ច័យទៅបង្ហោះជាសាធារណៈទៀត ។ លោកហាក់ដូចជាឆ្ងល់នឹងមន្ត្រីនគរបាលកោសល្យវិច្ច័យទាំងនោះថា តើលោក (មន្ត្រី) មានបានគិតពីតម្លៃស្រ្តីទេ? ក្រែងអស់លោកមានម្តាយ មានបងស្រី មានប្អូនស្រីដែរ។
ទង្វើអសីលធម៌បំផុតរបស់មន្ដ្រីនគរបាលកោសល្យវិច្ច័យនេះ រងរិះគន់ពីសំណាក់មហាជនយ៉ាងដំណំថា នេះគឺជាសពរបស់មនុស្ស មិនមែនខ្មោចសត្វ ឬ រុក្ខជាតិនោះទេ ទោះបីមនុស្សបានស្លាប់ទៅហើយក្ដី ក៏នៅមានសិទ្ធិជាឯកជនតាមច្បាប់នៅឡើយដែរ មិនមែនអាចឲ្យនរណា ឬមន្ត្រីណាម្នាក់មកថតរូបអាក្រាតកាយ ហើយបង្ហោះចែកគ្នាមើលគ្មានសីលធម៌ក្នុងខ្លួនយ៉ាងដូច្នេះទេ នេះជាការបំពាន និងអសីលធម៌ជាទីបំផុត។
ជុំវិញរឿងនេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា “ខ្ញុំកំពុងឲ្យគេតាមស្រាវជ្រាវចំពោះបុគ្គលមន្ដ្រីនគរបាលទាំងនោះ បើសិនប្រព្រឹត្តទង្វើបែបនេះមែន ខ្ញុំមិនលើកលែងឲ្យនោះទេ គឺនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនលើកលែងឲ្យឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សព ហើយក៏វាប៉ះពាល់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌របស់មន្ដ្រីនគរបាលយើង”។
ករណីបែកធ្លាយរូបភាពអាក្រាតកាយសព តារាចម្រៀង សាន ស្រី នេះ ពឹងទៅលើអាជ្ញាធរមានកិច្ចទាំងស្រុង ក្នុងការវែកមុខចាប់ជនបង្ករ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
