ភ្នំពេញ៖ បន្ទាប់ពីមានការចែកចាយ និងមតិរិះគន់ពេញបណ្ដាញសង្គមអំពីសកម្មភាពរបស់ប៉ូលីសកំពុង តែធ្វើការផាកពិន័យទៅលើជនជាតិចិន ២នាក់ ដែលបើកបររថយន្តដោយខុសច្បាប់ក្នុងទឹកប្រាក់១០០ដុល្លារនោះមក លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានកោះហៅមន្ត្រីនគរបាលចរាចរ ដែ​​លយ​ក​តួនាទី ទៅជំរឹតទារលុយជនជាតិចិន បើកបរល្មើសច្បាប់ចរាចរមកសួរនាំហើយ ។ បើតាមការសាកសួររប​ស់លោ​កឧត្ដមសេនីយ៍ទោ ជួន ណារិន បានឲ្យដឹងថា«ជនជាតិចិន ២នាក់នោះបើកបរមិនពាក់ខ្សែក្រវ៉ាត់ ទើបប៉ូលីសដែលចេះភាសាចិនរូបនេះ ធ្វើការផាកពិន័យរហូតដល់ទៅ ១០០ដុល្លារ។ ដោយ សារតែថ្លៃពេកទើបជនជាតិចិនធ្វើការតថ្លៃ ដោយសល់ត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ»។

ប៉ុន្តែបញ្ហានេះលោក ជួន ណារិន ក៏បានបញ្ជាក់ឲ្យដឹងថា«ទង្វើរបស់មន្ត្រីចរាចររូបនោះខាងស្នងការ នឹងស្នើសុំថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត»។ ប៉ុន្តែគោលជំហរផ្ទាល់ខ្លួនរបស់ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បែរជាលើកឡើងថា« គួរតែបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទើ​​ប​ត្រូវ ព្រោះធ្វើអោយបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស»។ យ៉ាងណាមិញចំពោះបញ្ហានេះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបែរនាំគ្នាបញ្ចេញមតិស្រដៀងគ្នាថា« ពិន័យទៅ ជនជាតិហ្នឹងឈ្លើយខ្លាំងណាស់, បើ​បើ​កឡានវិញ នរណាជិះក្បែរភយ័បះសក់ បើចិនអង្គុយសុទ្ធតែយកជើងដាក់លើតាបឡូឡាន, បើចិនជក់បារីវិញ មិ​ន​មើលនាក់ជិតក្បែរឡើយ… ស្រុកចិនមិនដែលអប់រំកិរិយាមាយាទទេមើលទៅ»។