កំពត៖ ទឹកចិត្តឪពុកដែលស្រឡាញ់ អាណិតចំពោះកូន ពេលនេះកំពុងតែទ្រហោយំ និងលើកដៃអង្វរលន់តួ បន់ស្រន់សុំដល់ទេវតា ក៏ដូចជាវត្ថុសក្ត័សិទ្ធទាំងអស់នៅក្នុងលោក សូមឲ្យរកឃើញកូនស្រីរបស់ខ្លួនវិញ បើទោះបីជាដឹងថាកូនប្រែក្លាយទៅសាកសពហើយក្ដី។
បង្ហាញឲ្យឃើញតាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Thai Samdy ទំនងជាជាប់សាច់ឈាមជាមួយគ្នា និងបុរសដែលកំពុងស្វែងរកកូនស្រីរបស់ខ្លួន ដោយបានរៀបរាប់សង្កត់ធ្ងន់បែបនេះថា«ហេតុអីបានជាទេវតាមិនជួយមនុស្សល្អផងលោក បងប្រុស Pich Sokha(ជាឪពុកក្មេងស្រីដែលបាត់ខ្លួន) ធ្វើបុណ្យល្អៗច្រើនណាស់ ខ្ញុំ(ម្ចាស់ហ្វេសប៊ុកឈ្មោះ Thai Samdy) សុំបួងសួងដល់ទេវតាជួយឲ្យគាត់រកឃើញកូនស្រីគាត់ផងចុះ គ្រួសារគាត់មិនគួរជួបរឿងនេះទេ ពួកខ្ញុំនឹងបងប្រុស នឹងបន្តធ្វើបុណ្យបន្តទៀតអោយតែរកឃើញកូនស្រីគាត់»។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា កន្លងទៅនេះមានករណីភ្ញៀវទេសចរខ្មែរមួយគ្រួសារទៅលេងកំសាន្តនៅតំបន់រមណីដ្ឋានចំណុចខ្សែរ៉ក ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ បានជួលអូប័រដឹកភ្ញៀវមួយគ្រឿងជិះលេងឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាង ស្រាប់តែលិចនៅពាក់កណ្តាលព្រែកធ្វើឱ្យឲ្យក្មេងស្រីម្នាក់ឈ្មោះ វ៉ាវ អេនជី អាយុ ៨ឆ្នាំបានបាត់ខ្លួន ហើយមិនទាន់រកឃើញនៅឡើយទេ។
យ៉ាងណាមិញការបាត់ក្មេងស្រីមិនទាន់រកឃើញខាងលើនេះ ក៏មានមហាជនខ្មែរដែលជឿលើរឿងអបីជំនឿបានបង្ហាញអារម្មណ៍បែបនេះថា«ទំនងជាពួកគាត់(គ្រួសារជនរងគ្រោះ) ខុសពាក្យសម្ដីរឿងអ្វីមួយហើយ ទើបជួបហេតុការណ៍បែបនេះ»។