តាកែវ៖ បន្ទាប់ពីមានការចែករំលែកនូវរូបភាពច្រើនសន្លឹកនៅលើបណ្ដាញហ្វេសប៊ុក ពីសកម្មភាព និងកាយវិការមិនសមរម្យជាទីបំផុតរបស់ជនជាតិខ្មែរដែលបានទៅលេងវត្តពុទ្ធគីរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលកសាងបដិមាព្រះ​ពុទ្ធជាច្រើនអង្គលើភ្នំ។ ក្នុងរូបភាពដែលបង្ហាញពីបងប្អូនមួយចំនួនបានអង្គុយ និងឈរលើព្រះពុទ្ធរូបយ៉ាងមិ​ន​ខ្វល់ខ្វាយ។
ខ្លះទៀតបានដើររំលង ឡើងជិះជាន់យ៉ាងព្រហើនជាទីបំផុត មិនត្រឹមតែប៉ុណ្ណោះ ជុំវិញនោះពោរពេញសុទ្ធសឹងតែជាសម្រាមកាកសំណល់រាយប៉ាយយ៉ាងគ្មានសណ្ដាប់ធ្នាប់ គួរឲ្យហួសចិត្ត។ ដោយគ្រាន់តែបានឃើញរូបនេះភ្លាម បណ្ដាអ្នកលេងបណ្ដាញហ្វេសប៊ុក នាំគ្នាគ្រវីក្បាល បញ្ចេញអាការៈសោកសៅជាទីបំផុត មិនគួរណាជនជាតិខ្មែរដែលជាពុទ្ធសាសនិក បែរជាធ្វើទង្វើរខ្វះការអប់រំបែបនេះ។ គួរបញ្ជាក់ដែរថា វត្តពុទ្ធគីរីវង្ស បន្ទាប់ពីសាងសង់មិនទាន់រួចរាល់ស្រួលបួលផងក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន ជាពិសេសបានទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិឲ្យទៅទស្សនា និងថតរូបកម្សាន្តយ៉ាងច្រើនកុះករ។