ភ្នំពេញ ៖ ក្រោយពីបែកធ្លាយវីដេអូឃ្លីបខ្លីមួយ ដែលស្ត្រីម្នាក់បានយកស្កុតមករុំមាត់កូន ត្រូវបានមហាជននៅលើបណ្តាញទំនាក់ទំនងសង្គមនាំគ្នាចែករំលែកជាច្រើនបន្តបន្ទាប់គ្នា និងធ្វើការរិះគន់ខ្លាំងៗទៅលើស្ត្រីជាម្តាយម្នាក់នោះ ក្នុងនាមជាម្ដាយតែបែរជាមានចិត្តសាហាវបែបនេះទៅវិញ ។
បង្ហាញពីសមាភាពរបស់ស្ត្រី ដែលមហាជននាំគ្នារិះគន់ខាងលើមានឈ្មោះសុទ្ធ ធារី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះ ឈឹម វីរៈ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានកូន២នាក់ ប្រុសអាយុ៧ឆ្នាំ និងស្រីអាយុ១ខួប៦ខែ មានឈ្មោះ ផល លីណា ។
យ៉ាងណាមិញនៅយប់ថ្ងៃទី១១ ខែតុលា ស្ត្រីជាម្ដាយខាងលើត្រូវបានសមត្ថកិច្ចទៅកោះហៅដល់ផ្ទះ ដើម្បីសាកសួរនៅប៉ុស្តិ៍គោកឃ្លាង។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីខាងលើបានបកស្រាយបញ្ជាក់បែបនេះថា«កាលពីអំឡុងជាង៦ខែមុន គ្រាដែលកូនស្រីគាត់អាយុទើប១ខួប នាង(ក្មេងស្រីដែលម្ដាយយកស្កុតរុំមាត់)ជាក្មេងរពឹស ខណៈដែលក្រុមគ្រួសារនៅជុំគ្នាទាំងអស់គ្នាបានលេងជាមួយកូនគាត់ក៏យកស្កុតរុំមាត់កូនស្រីពៅរបស់គាត់លេង ក្នុងចេតនាលេងជាមួយកូននៅចំពោះមុខក្រុមគ្រួសារជុំគ្នាទាំងអស់ ហើយត្រូវប្អូនប្រុសបង្កើតឈ្មោះ សុទ្ធ មុន្នី អាយុ២៤ឆ្នាំ យកទូរស័ព្ទរបស់គាត់ មកថតលេង ហើយក៏មិនបានបង្ហោះហ្វេសប៊ុកទៅណាដែរ។ ក៏ប៉ុន្តែប្រមាណជាកន្លះខែក្រោយ ប្អូនប្រុសជាអ្នកថតរូបភាពនោះជួបគ្រោះថ្នាក់ចរាចរណ៍របួសបោកក្បាលដល់សន្លប់បាត់បង់ទាំងលុយកាក់ បាត់ទាំងទូរស័ព្ទ មួយគ្រឿងរបស់គាត់នោះទៀតផង។ (ស្ត្រីដដែលបានបន្តទៀតថា)ឆ្លងកាត់រយៈពេលជាង៦ខែមកហើយ ទើបតែក្នុងរយៈពេល២ទៅ៣ថ្ងៃនេះទេ ស្រាប់តែបែកធ្លាយវីដេអូ ដែលគាត់យកស្កុតរុំមាត់កូននោះ មកបង្ហោះបែបនេះតែម្ដង»។