ភ្នំពេញ៖ តាមការប្រកាសរបស់ នាង ហង្ស ម៉ារីនី តារាល្បីការងារមនុស្សធម៌និងជំនួញ នៅក្នុងគណនីហ្វេសប៊ុកថា នៅថ្ងៃទី១២ខែតុលានេះ ជាវេលានាងនិងស្វាមីបានឃើញមុខកូនប្រុស (ជាថ្ងៃសម្រាល)។ តែយ៉ាងណានាង ហង្ស ម៉ារីនី ដែលមិនឃ្លាតឆ្ងាយពីជំនួញលក់ដូរផលិតផលតាមអនឡាញ នៅរសៀលថ្ងៃទី១២ខែតុលានេះ គ្រាដែលនៅអង្គុយរងចាំសម្រាល នាង ហង្ស ម៉ារីនី ដែលត្រៀមខ្លួនធ្វើជាម្តាយនៅប៉ុន្មានវិនាទីខាងមុខនេះ ក៏ប្រឹងធ្វើវីដេអូឡាយផ្សាយលក់ផលិតផលនិង ប្រឹងសរសេរសារបង្ហាញអតិថិជន ដាក់លេខទូរស័ព្ទខ្លាចអតិថិជនផ្ញើលុយមកចំលេខនាងផង។ក្នុងសារបង្ហាញពីការបារម្ភលើជំនួញ និងចំណូលដែលផ្តើមដោយពាក្យពេចន៍ថា «អត់យល់ ស្បូនបើក 3លេខហើយ អ្នកលក់អត់ឈឺពោះសោះ បងប្អូនណាដឹងជួយឭប្រាប់ផង ថ្ងៃនេះគឺអូនរាជគ្រប់ខែ 9ខែ 10ថ្ងៃហើយ. »។
តែអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងចំពោះសារនាងនោះគឺនាងបានបង្ហាញថា« សូមបញ្ជាក់ លេខវេលុយមានតែ1លេខគត់ 010 678 501 ក្រៅពីលេខនេះហាមវេ ពេលវេហើយ សូមថតវិក័យប័ត្រវេលុយ ផ្ញើរចូល inbox page ហាមហៅលេខកូតអោយនរណាទាំងអស់ បើហៅលេខកូតវេលុយអោយគេតាមលេខទូរស័ព្ទ ហាងយើងខ្ញុំមិនទទួលខុសត្រូវនោះទេ »។ តាមរយៈសារនិងការដាក់កំហឹងពី នាង ហង្ស ម៉ារីនី ចំពោះអតិថិជន ទាក់ទងលើជំនួញទិញដូរនេះ ក៏ធ្វើឲ្យមហាជនមិនតិចទេពោលសរសើរពីគំនិតសេដ្ឋកិច្ចនាង និងថា «រកមិនបានទេ នៅក្នុងបន្ទប់ពេទ្យ គេចាំវេលាសម្រាលកូនហើយនោះឆ្លៀតធ្វើជំនួញបានទៀត»៕
