ព្រៃវែង៖ ករណីបាញ់សម្លាប់តារាចម្រៀងផលិតកម្មហង្សមាស សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ ត្រូវបានមជ្ឈដ្ឋានទូទៅបានស្គាល់អត្តសញ្ញាណខ្មាន់កំភ្លើងចិត្តឃោរឃៅបាញ់សម្លាប់ប្រពន្ធ និងបាញ់សម្លាប់ខ្លួនគួរឲ្យរន្ធត់នោះថាឈ្មោះ ខៀវ ម៉ៅ មិនមែនឈ្មោះ ជ័យ រិន ទេ។ ចំពោះឈ្មោះ ជ័យ រិន អាយុ ៥៣ឆ្នាំនោះ គឺជាឈ្មោះដែលគាត់ទិញពីគេ ដើម្បីចូលធ្វើការងារក្នុងក្របខណ្ឌគយតែប៉ុណ្ណោះ។

បើតាមសម្ដីអ្នកស្រុកព្រះស្តេច ខេត្តព្រៃវែង បានបង្ហើបប្រាប់ពីជីវិតរស់នៅរបស់គ្រួសារ ខៀវ ម៉ៅ ថា ខៀវ ម៉ៅ ត្រូវបានគេស្គាល់ស្ទើរតែគ្រប់គ្នា ហើយគេតែងហៅថា “គយ ម៉ៅៗ”។ គយម៉ៅ ជាកូនកំព្រារឪពុកម្តាយទាំងខ្លួននៅតូចម៉្លេះ មានបងប្អូន ៦នាក់ ហើយលោកជាកូនពៅ ក្នុងបងប្អូន ៦នាក់ បម្រើការងារជាមន្រ្តីគយចំនួន ៤នាក់។ គយម៉ៅ មានប្រពន្ធដើមឈ្មោះ រដ្ឋា នៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង មានកូនចំនួន ៤នាក់ ស្រី ៣នាក់ ពេញវ័យអស់ហើយ ហើយសព្វមានកូនប្រុសម្នាក់មានមុខរបរជាមន្ត្រីយោធា។

ប្រភពដដែលបានបញ្ជាក់ថា គយម៉ៅស្រលាញ់ សាន ស្រីឡៃ ដល់ថ្នាក់ភ្លេចប្រពន្ធដើម ចាប់តាំងពីលោកទៅបម្រើការងារនៅច្រកព្រំដែនគោកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះ គយម៉ៅ ក៏ខិតខំយិតយោងប្រពន្ធទី២ ចាប់ពីដំបូងច្រៀងតាមរង្សសាល និងបានជូនទៅប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី២ រហូតបានក្លាយជាតារា ។

រីឯជីវភាពគ្រួសារ គយម៉ៅ វិញមានការថយចុះជាលំដាប់ ពីជិះឡានធ្លាក់មកជិះម៉ូតូ បានប៉ុន្មានថ្ងៃ ក៏សម្រេចចិត្តបាញ់សម្លាប់ប្រពន្ធ និងធ្វើអត្តឃាត ដោយគិតថាខ្លួន ណែនាំប្រពន្ធគ្មានប្រសិទ្ធភាព ប្រពន្ធមិនស្តាប់តទៅទៀត ។ មកទល់ពេលនេះ កូន គយម៉ៅ និង សាន ស្រីឡៃ ក្លាយជាក្មេងកំព្រារឪពុកម្តាយ រស់នៅជាមួយយាយមានជិវភាពទីទល់ក្រ៕