បារាំង៖ មានការភ្ញាក់ផ្អើលមិនស្ទើរពេលឃើញលោក ចាន់ សម័យ បង្ហោះសារថា «បែកពីប្រពន្ធ បងចេះធ្វើត្រី» ប៉ុន្តែអ្វីដែលជាការពិតលោកគ្រាន់តែចង់បង្ហាញទៅកាន់អ្នកគាំទ្រថា «លោកនៅឆ្ងាយពីប្រពន្ធមែន គឺនៅទីក្រុងប៉ារីស ប្រទេសបារាំង ម្ល៉ោះហើយបានជាគ្មានអ្នកធ្វើម្ហូបឲ្យក៏សម្រេចចិត្តធ្វើខ្លួនឯង ព្រោះមិនចង់ហូបអាហារកំប៉ុង ឬ កញ្ចប់ស្រាប់»។
យ៉ាងណាការឃ្លាតឆ្ងាយមួយរយៈពេលខ្លីរបស់តារាទើបងើបផុតពីទុក្ខលំបាក ចាន់ សម័យ បានបង្ហើបមុនចេញដំណើរទៅបារាំងថា «ទៅច្រៀង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួម ខេលី, ស្រីពេជ្រ និងតារាជាច្រើនដួងទៀត»។ សកម្មភាពធ្វើម្ហូប ចាន់ សម័យ រំលេចលើទំព័រហ្វេសប៊ុករបស់លោក បង្កឲ្យមានការចាប់អារម្មណ៍សម្បើមក្រៃ ក្នុងនោះតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា លាន់មាត់ថា «មកវិញធាត់វិញហេីយពួកម៉ាក» ហើយក៏មានមិត្តសម្លាញ់ជាច្រើនទៀតជជីកសួរថា ត្រីអ្វី? ទិញនៅឯផ្សារឬយ៉ាងណា? ភ្លាមនោះតារាម្ចាស់បទ «មិនស្រលាញ់អូនមិនបាន» ចាន់ សម័យ តបថា «ទិញសន្ទូចអស់70ដុល្លារ ស្ទូចបានបុណ្ណឹងបងប្អូន»។
