ភ្នំពេញ ៖ ចោរឆក់វ័យក្មេង២នាក់ស្ថិតនៅលើម៉ូតូ បានលូកដៃឆក់កាបូបពីស្រ្តីរូបស្រស់ម្នាក់ដែលកំពុងជិះលើកង់បីឥណ្ឌា ប៉ុន្តែប៉ះចំថ្ងៃស៊យត្រូវស្រ្តីរូបនោះឆក់បានមកវិញបណ្តាលឲ្យដួលម៉ូតូក្រឡាប់កាប់ផ្ងារ ហើយត្រូវបានប្រភពនៅកន្លែងកើតហេតុបង្ហើបប្រាប់ថាមុនចាប់ឲ្យសមត្ថកិច្ចពលរដ្ឋក៏បានស្វាគមន៍មួយដៃមួយជើងឡើងទ្រោមផងដែរ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ត្រង់ ចំណុចមុខផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជនសង្ស័យ២នាក់ ឈ្មោះ វណ្ណ វិសាន់ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០ រស់នៅខណ្ឌមានជ័យ រីឯជនសង្ស័យទី២មានឈ្មោះ សុខ ណៃ អាយុ ១៧ឆ្នាំ មុខរបរ សិស្សសាលា ថ្នាក់ទី១១ រស់នៅជិតផ្សារសំណង់១២ មានស្រុកកំណើតនៅខេត្តមណ្ឌលគីរី។
