ភ្នំពេញ ៖ លទ្ធផលក្រោយការប្រកួតមិត្តភាព​៩០នាទីពេញរវាងក្រុមបាល់ទាត់រហស្សនាម​គោព្រៃ​​កម្ពុជាម្ចាស់ផ្ទះ និងក្រុមភ្ញៀវទីម័រខាងកើត បានបញ្ចប់ជាផ្លូវការហើយ​នៅរាត្រី​ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ ក្រោម​ក្រសែ​ភ្នែកអ្នកទស្សនារាប់ម៉ឺននាក់នៅពហុ​កីឡ​ដ្ឋា​នជាតិអូឡាំ​ពិក​ ដោយបានត្រឹមស្មើគ្នា ២ទល់នឹង២ ប៉ុ​ណ្ណោះ។ ចំ​ពោះ​គ្រាប់​បាល់​រ​បស់​​កម្ពុជារកបានដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ១គ្រាប់​នៅនាទី ទី៤០ ដែល​ជា​គ្រាប់​តាមស្មើ ១-១ ក្រោយពេលទីម័រខាងកើត​បានបើកការនាំមុខនៅនាទី ​ទី៣០ ហើយទីម័រ​ខាងកើត​ក៏បន្ថែម​គ្រាប់​ទី២របស់ខ្លួននៅនាទី ទី៤២ ជាគ្រាប់នាំមុខបន្ត​មុន​បញ្ចប់​វគ្គទី១។

លុះចូលមកដល់វគ្គទី២លទ្ធផល នាំមុខរបស់ទីម័រខាងកើត ២ទល់១ នេះបានរក្សាសឹង​តែចប់​ការប្រកួតទៅ​ហើយ ប៉ុន្តែនៅម៉ោងបន្ថែម ៩០+១ ខ្សែប្រយុទ្ធ​ឆ្នើមរបស់ក្លិប​ក្រសួង​ការពារ​ជាតិ រ៉ឹង ប៊ុនហៀង ក៏​បានព្រលះ​មួយជើង​ជួយឲ្យកម្ពុជាតាមស្មើទីម័រខាងកើត ទាំងគ្មាន​វត្តមានគ្រូធំ ហុងដា រហូតចប់ការប្រកួត។ ជុំវិញ​លទ្ធ​ផល​ដ៏តាន​តឹងនេះ​ត្រូវបាន​អ្នក​ទស្សនាបង្ហើបមក​ថាពិត​ជា​បុកពោះខ្លាំងមែន ដ្បិតកម្ពុជាធ្លាប់ឈ្នះ​ទីម័រខាង​កើតច្រើន​ដង​មកហើយ ប្រសិន​បើចាញ់​នោះពិតជារឿងមួយដ៏ភ្ញាក់ផ្អើលកុំតែបានចូលចុងម៉ោងគឺ​អ្វីៗនឹងចប់សព្វគ្រប់បាត់​ទៅហើយ ពិសេសនោះមួយ​រយៈចុង​ក្រោយនេះ​ក្រុម​ជម្រើស​ជាតិកម្ពុជាដូចជា​ពុំសូវ​កាក់កបនឹងជ័យជំនះ​នោះ​ឡើយ ក្នុងនោះគេក៏បានឃើញក្រុមទីម័រ​ខាងកើត​បានបង្ហាញទម្រង់លេង​គួរ​ឲ្យ​សរសើរផងដែរ ។