ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកស្ត្រីម្នាក់ ដែលមានឈ្មោះថា May បានធ្វើការដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អោយមានការប្រុងប្រយ័ត្នចំពោះកូនដែលទើបនឹងកើត ជៀសវាងជួបជំងឺឆ្លងផ្សេងៗពីមនុស្សធំ។ ដោយអ្នកស្រី May ក៏បានរៀបរាប់ឲ្យដឹងថា«ក្មួយប្រុសរបស់នាង មានឈ្មោះថា Troy មានអាយុទើបតែ ២-៣ ខែ តែប៉ុណ្ណោះ ។ ហើយកាលពីថ្មីនេះ ឪពុកម្តាយរបស់ Troy បាននាំគេទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីម្តាយរបស់គេប្រទះឃើញ នៅលើក្បាលរបស់គេឡើងពងបែកជាច្រើន»។

អ្នកស្រីរូបនេះក៏បន្តការរៀបរាប់ឲ្យដឹងបន្ថែមថា«បន្ទាប់ពីគ្រូពេទ្យពិនិត្យមើលយ៉ាងល្អិតល្អន់រួចរាល់ហើយ គ្រូពេទ្យបានប្រាប់អោយដឹងថា Troy កើតជំងឺស្បែកម្យ៉ាងហៅថាត្រអក (Eczema Herpeticum) ដែលឆ្លងតាមរយៈមាត់មានដំបៅ ។ ជំងឺនេះជាទូទៅឆ្លងទៅកាន់ទារកបានលឿនជាទីបំផុត នៅពេលដែលអ្នកជំងឺពងបែកមាត់ថើបទារក ។គ្រូពេទ្យបានធ្វើការពន្យល់ថាជំងឺនេះ នឹងលេចចេញរោគសញ្ញាពី ៥ ទៅ ១២ ថ្ងៃបន្ទាប់ពី ទារកត្រូវបានប៉ះពាល់ជាមួយនរណាម្នាក់ ដែលមានជំងឺពងបែកមាត់ ។ ទារកនឹងចេញកន្ទួល ពងបែកនៅលើស្បែករបស់ពួកគេ ហើយវាធ្វើអោយទារក ពិបាកនៅក្នុងខ្លួន ក្តៅខ្លួន ហើយនឹងហើមកូនកណ្តុរ »។ យ៉ាងណាមិញអ្នកមានកូនតូចៗក៏គួរតែមានការប្រុងប្រ័យត្នអោយបានខ្ពស់ដើម្បីជៀសវាងការឆ្លងជំងឺបែបនេះទៅលើទារកដែលទើបសម្រាល។