ភ្នំពេញ៖ បញ្ចប់ការប្រគួតលក្ខណៈមិត្តភាពអន្តរជាតិរវាង កម្ពុជាទល់និងទីម័រខាងកើត ដោយលទ្ធផលបានត្រឹមពីរស្មើ ក៏មានពាក្យអាស្រូវលើតារាបាល់ទាត់ម្ចាស់អាវលេខ១១ ចាន់ វឌ្ឍនាកា ។

បង្ហាញពីរូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គមដែល ចាន់ វឌ្ឍនាកា ដើរពីក្រោយសមាជិកនៅក្នុងក្រុម ពេលទៅអរគុណអ្នកគាំទ្រអមជាមួយពាក្យរិះគន់ទៅកាន់កីឡាកររូបនេះថា«ជំងឺតួឯក មានន័យថា ជាទស្សនៈអាត្មានិយម បុគ្គលនិយម ដែលប្រកាន់ថា មានតែខ្លួនទេដែលល្អដាច់គេ លើសគេ ផុតគេ ជាអ្នកសំខាន់ឬអស្ចារ្យជាងគេ ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេ ពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ»។
ភ្លាមៗក្រោយឃើញការបង្ហោះពាក្យរិះគន់បែបនេះ ចាន់ វឌ្ឍនាកា ក៏បានចេញសារមួយ ដែលអ្នកគាំទ្របានហៅថាជាសារលាងខ្លួនតបទៅវិញថា«បាទដឹងពេលចប់ខ្ញុំរវល់អីអត់ គឺខ្ញុំទៅសម្ភាស កុំឃើញតែរូបភាពមួយផ្នែកយកមកវាយតម្លៃមនុស្ស បើសិនជាខ្ញុំមានជំងឺតួឯកមែនណ្ហើយណាស់ខ្ញុំឈប់ពីជម្រើសជាតិបាត់ហើយ និយាយម្ដងទៀតចុះកុំយករូបមួយផ្នែកដើម្បីវាយប្រហារខ្ញុំអី អរគុណសូមទានជ្រាប»។